បណ្តាញសង្គម

ក្រសួងយុត្តិធម៌ ជំរុញឲ្យតុលាការ ពន្លឿនសំណុំរឿងគ្រឿងញៀន

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បានជំរុញឲ្យតុលាការពន្លឿន សំណុំរឿងបទល្មើសគ្រឿងញៀន ក្រោយពីសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើឲ្យយកចិត្តទុកដាក់ ពន្លឿននូវបទល្មើសនេះ។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៩ មីនា សម្ដេច ស ខេង បានថ្លែងថា ក្រសួងយុត្តិធម៌ ត្រូវជំរុញស្ថាប័នអយ្យការ និងតុលាការ គ្រប់ជាន់ថ្នាក់ ពន្លឿននីតិវិធី ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន នីតិវិធីនៃការអនុវត្ត សាលក្រមជាស្ថាពរ និងការប្រមូលទ្រព្យសម្បត្តិ ជនល្មើស ដាក់ចូលជាសម្បត្តិរដ្ឋ។

 សម្តេចបន្តថា  ក្រសួងបានខិតខំរកវិធីសាស្រ្ត សមស្របតាមច្បាប់ ដើម្បីទំនាក់ទំនងជាមួយស្ថាប័នតុលាការ ក្នុងការជំរុញការកកស្ទះ ឬយឺតយ៉ាវក្នុងការកាត់ក្ដី មិនទាន់ស្រេចដែលសាលក្រម ពុំទាន់ចូលជាស្ថាពរ ឲ្យចូលជាស្ថាពរ ដើម្បីរឹបអូសទ្រព្យសម្បត្តិ ឧក្រិដ្ឋជនដែលជួញដូរគ្រឿងញៀន មកធ្វើជាសម្បត្តិរដ្ឋ ។

  លោក គឹម សន្តិភាព បានថ្លែងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ថា “ឯកឧត្តម រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានជំរុញការងារនេះ ដោយបានសំណូមពរ ដល់តុលាការរាជធានី-ខេត្ត ដែលពាក់ព័ន្ធទៅនឹង សំណុំរឿងគ្រឿងញៀននេះ ជំរុញឲ្យមានការសម្រេច សេចក្តីឲ្យបានឆាប់រហ័ស”។

លោកថា មិនមែនតែបទល្មើសគ្រឿងញៀនមួយទេ ដែលត្រូវជម្រុញ ប៉ុន្តែលោករដ្ឋមន្រ្តីបានជំរុញ ឲ្យពន្លឿនរាល់បទល្មើសទាំងអស់ ដោយយកចិត្តទុកដាក់ ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ដើម្បីឲ្យសំណុំរឿងទាំងអស់បញ្ចប់ជាស្ថាពរ។

លោកអ្នកនាំពាក្យបន្តថា វត្ថុតាំង និងទ្រព្យសម្បត្តិ ដែលបានមកពីបទល្មើសនានា គឺជាសម្រេចរបស់តុលាការ ហើយក្រសួងរងចាំមើលដំណើរការ របស់តុលាការ។ ពាក់ព័ន្ធករណី ការរឹបអូសទ្រព្យសម្បត្តិនេះ ក្រសួងបានបង្កើតគណៈកម្មការមួយ ដើម្បីប្រមូលទិន្នន័យនិងគ្រប់គ្រង វត្ថុតាងទាំងអស់ដែលរឹបអូសបាន៕ 


ដកស្រង់ពី៖ដើមអម្ពិល