បណ្តាញសង្គម

តុលាការ​កំពូល​ សវនាការ​រឿង​ក្ដី​លោក​ស្រី​ ទេព​ វន្នី​ ចំពោះ​​ការ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​

តុលាការកំពូលនៅ ព្រឹកថ្ងៃទី១៨ ខែមករានេះ បើកសវនាការ ជំនុំជម្រះសំណុំ រឿងលោកស្រី ទេព វន្នី តំណាង សហគមន៍ បឹងកក់ ចំពោះការសុំនៅក្រៅឃុំបណ្តោះអាសន្ន។

 លោកស្រី ទេព វន្នី ជាប់ចោទពីបទ ហិង្សាដោយ ចេតនាមាន ស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្បែរ វិមានឯករាជ្យ សង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៣ តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ នៅក្នុងសំណុំរឿង ព្រហ្មទណ្ឌលេខ ៩៥៦ ចុះថ្ងៃទី ២៦ មិនា ២០១៣។

កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ លោក ពេជ្រ វិជ្ជាធរ ចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ សម្រេចកែប្រែបទចោទប្រកាន់លើស្ត្រីបឹងកក់ពីរនាក់ ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដែលរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថាជាចលនាបដិវត្តន៍ពណ៌ មកជាបទ «ប្រមាថ» វិញ ។

តុលាការសម្រេច ផ្ដន្ទាទោសស្ត្រី បឹងកក់ទាំងពីរនាក់ ដាក់ពន្ធនាគារក្នុង ម្នាក់ៗ៦ថ្ងៃ និងពិន័យជាប្រាក់៨ម៉ឺនរៀល ពីបទ «ប្រមាថ» តាមមាត្រា៥០២នៃក្រមព្រហ្មទណ្ឌ។ ក្រោយការសម្រេចនេះអ្នកស្រី បូវ សោភា ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ កាលពីយប់ថ្ងៃទី២២ ខែសីហា។

ទោះបីយ៉ាងណា ឈ្មោះ ទេព វន្នី ត្រូវបន្តជាប់ឃុំក្នុងពន្ធនាគារ ដោយនៅមានពីរករណីផ្សេងទៀតនៅស្ថាប័នតុលាការ ដូចជាករណីទី១ បទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងករណីទីពីរ បទល្មើសប្រមាថអ្នករាជការសាធារណៈ និងបទប្រឆាំងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោសជាដើម៕

ដកស្រង់ពី៖FRESH NEWS