បណ្តាញសង្គម

នគរបាលខេត្តព្រះសីហនុ បើកយុទ្ធនាការ ក្តៅគគុក ប្រយុទ្ធប្រឆាំងអំពើជួញដូរ និងប្រើប្រាស់គ្រឿងញៀន

ព្រះសីហនុ៖ នៅយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ កន្លងទៅនេះ សមត្ថកិច្ចនគរបាល ប្រឆាំងគ្រឿងញៀន ខេត្តព្រះសីហនុ បានបើកយុទ្ធនាការជាបន្តបន្ទាប់ បង្ក្រាបអំពើជួញដូរគ្រឿងញៀន ក្នុងមួយយប់ បង្ក្រាបបាន២ករណី ឃាត់ខ្លួនជនសង្ស័យ៣នាក់។

នគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន បានចំនួន៣នាក់នោះ រួមមាន៖ ករណីទី១, នៅវេលាម៉ោង២១,២០នាទី យប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ នៅចំនុចក្រុមទី៨ ភូមិ៣ សង្កាត់លេខ៣ក្រុង-ខេត្តព្រះសីហនុ ចាប់ឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ១ឈ្មោះ សៀង ហេង (ហៅ ចាប មាស) ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅក្រុមទី៨ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

និងទី២ឈ្មោះ ឆាយ ប៉ិ ប្រុស អាយុ៤៦ឆ្នាំមុខរបរ ម្ចាស់ហាង ខារ៉ាអូខេ រស់នៅក្រុមទី៨ ភូមិ៣ សង្កាត់លេខ៣ក្រុង-ខេត្តព្រះសីហនុ ដោយចាប់យកបានម្សៅក្រាមពណ៌សថ្លា ចំនួន ៣កញ្ចប់ តូច ទូរសព្ទ័ ២ គ្រឿង លុយខ្មែរចំនួន ១២០,០០០ រៀល និង ករណីទី២, នៅវេលាម៉ោង០,៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមករាឆ្នាំ២០១៧ នៅចំនុចក្រុមទី២០ ភូមិ១ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ កម្លាំងជំនាញធ្វើការបង្ក្រាប មុខសញ្ញាលក់ចែកចាយថ្នាំញៀន បានម្នាក់ទៀត ឈ្មោះញ៉ែម សុផល(ហៅជូ) ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករស្ងោរក្តាម រស់នៅម្តុំផ្សារមាន់ ក្រុមទី៣២ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ វត្ថុតាងចាប់យកបាន ម្សៅក្រាមពណ៌សថ្លា ១កញ្ចប់។ ករណីទាំង២ខាងលើ សមត្ថកិច្ច កំពុងកសាងសំណុំរឿង តាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត៕

 

ដកស្រង់ពី៖ ដើមអម្ពិល