បណ្តាញសង្គម

សាលាឧទ្ធរណ៍​ នឹងបើក​សវនាការ​សំណុំ​រឿង​ លោក​ ហុង​ សុខហួរ​ នៅព្រឹកស្អែក

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃ ទី៥ ខែមករា ឆ្នាំ២០១៧ ស្អែកនេះ សាលាឧទ្ធរណ៍ នឹងបើកសវនាការ សំណុំរឿង លោក ហុង សុខហួរ អតីតសមាជិក ព្រឹទ្ធសភាគណបក្សសម រង្ស៊ី ដែលបានប្តឹងជំទាស់ នឹងសាលក្រម សាលាដំបូងរាជធានីភ្នំពេញ ដែលផ្តន្ទាទោសដាក់ ពន្ធនាគារ៧ឆ្នាំ ពាក់ព័ន្ធបទល្មើស ក្លែងសន្ធិសញ្ញាព្រំ ដែនកម្ពុជាវៀតណាម ។ នេះបើតាមការអះអាងរបស់មេធាវី លោក ហុង សុខហួរ។

 មេធាវីការពារក្ដី លោក ហុង សុខហួរ គឺលោក សំ សុគង់ បានបញ្ជាក់ថា សវនាការលោក ហុង សុខហួរ នឹងចាប់ផ្ដើមនៅ ថ្ងៃទី៥ ខែមករា វេលាម៉ោង៨ព្រឹក ។ សវនាការនេះ ដឹកនាំដោយលោក សេង ស៊ីវុត្ថា អនុប្រធានសាលាឧទ្ធរណ៍។

លោក ហុងសុខហួរ ត្រូវបានតុលាការ ចោទប្រកាន់ចំនួន ៣បទល្មើស រួមមានបទក្លែងបន្លំឯកសារ សាធារណៈ បទប្រើប្រាស់ឯកសារ សាធារណៈក្លែង និង បទញុះញង់ បង្កឲ្យមានភាព វឹកវរធ្ងន់ធ្ងរដល់ សន្តិសុខសង្គម ពាក់ព័ន្ធការក្លែង សន្ធិសញ្ញាព្រំដែន កម្ពុជា-វៀតណាម បង្ហោះក្នុង ផេកហ្វេសប៊ុករបស់ លោក សម រង្ស៊ី។

សូមបញ្ជាក់ថា សម្រាប់សំណុំរឿងនេះ តុលាការក៏បាន កាត់ទោស លោក សម រង្ស៊ី ឱ្យជាប់ ពន្ធនាគារ៥ឆ្នាំ និងជំនួយការ របស់លោក ២នាក់ទៀត ឱ្យជាប់ ពន្ធនាគារ៥ឆ្នាំ ប៉ុន្តែអនុវត្ត ទោសតែ៣ឆ្នាំ ផងដែរ៕

ដកស្រង់ពី៖FRESH NEWS