បណ្តាញសង្គម

បង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀន មួយសម្បុកធំ ឃាត់ជនសង្ស័យ១២នាក់ រួមនិងថ្នាំញៀន ជាច្រើនកញ្ចប់

ភ្នំពេញ៖ នរគបាលខណ្ឌឫស្សកែវ បានបើកប្រតិបត្តិការ បង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនមួយសម្បុកធំ ចំនួនដែលប្រើរយៈពេល ៣យប់ ៣ថ្ងៃ មានចំនួន២លើក ហើយឃាត់ខ្លួនមនុស្សចំនួន ១២នាក់ (ស្រី៨នាក់) ។

ករណីនេះ កំពុងដំណើរការសាកសួរ តាមវិធានការជំនាញ និងដកហូតក្រាមពណ៌សថ្លាមិនទាន់ថ្លឹងចំនួន ៨២កញ្ចប់ ក្នុងនោះមាន ៧កញ្ចប់ធំ និង ៧៥កញ្ចប់តូច, គ្រឿងញៀនប្រភេទថ្នាំក្រវី(ខេ) ចំនួន ១កញ្ចប់ មាន3គ្រាប់, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន២, ឧបករណ៍ប្រើប្រាស់គ្រឿងញៀន នឹងសម្ភារៈបំរើសកម្មភាពមួយចំនួន ។ លោកទៀង ច័ន្ទសារ អធិការខណ្ឌឫស្សីកែវ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងជំនាញរបស់អធិការដ្ឋានប៉ុស្តិ៍ បានបើកការបង្ក្រាបជាក់ស្តែង ករណីជួញដូរគ្រឿងញៀន ស្ថិតនៅចំនុចផ្ទះជួល ផ្លូវបេតុង ក្រុម៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ កិច្ចប្រតិបត្តិការនេះបានឃាត់ខ្លួនមុខសញ្ញាសកម្មចំនួន ៣នាក់ ក្នុងនោះមុខសញ្ញា ឈ្មោះ អ៊ួង ចាន់ណា គឺជាមុខសញ្ញាដែលអធិការដ្ឋាន តាមប្រមាញ់យូរមកហើយ ។

ក្រោយពីបានបង្ក្រាបបងស្រីបង្កើតឈ្មោះ អ៊ួង ចាន់នី កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយដកហូតគ្រឿងញៀនចំនួន ៣៤២កញ្ចប់ ។ ចំពោះករណីបង្ក្រាបនេះ លោកអធិការដ្ឋាននគរបាល បានបើកប្រតិបត្តិការចំនួន ៣យប់ ៣ថ្ងៃ តែដោយមុខសញ្ញាមានបទពិសោធន៍ក្នុងការប្រព្រឹត្តសកម្មភាពបំភ័ន្តភ្នែកសមត្ថកិច្ច និងមានបក្ខពួកច្រើន (កូនចៅ) ក្នុងការចេញធ្វើចរាចរចែកចាយជំនួស និងមានភាពប៉ិនប្រសព្វក្នុងការបង្វែងដាន និងចំណាប់អារម្មណ៍របស់សមត្ថកិច្ច ។

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ទី១. ឈ្មោះ អ៊ួង ចាន់ណា ហៅស្រីខួច ភេទស្រី អាយុ៣៣ឆ្នាំ, ទី២. លី ដាលីន ភេទស្រី អាយុ២២ឆ្នាំ, ទី៣. ទង បូរមី ភេទស្រី អាយុ២៣ឆ្នាំ ដកហូតក្រាមពណ៌សរថ្លាចំនួន ៧០កញ្ចប់ (១កញ្ចប់ធំ និង៦៩កញ្ចប់តូច), ឧបករណ៍ប្រើប្រាស់គ្រឿងញៀន និងសម្ភារៈបំរើសកម្មភាពមួយចំនួន ។ លោកបន្ថែមទៀតថា ក្រោយពីបង្ក្រាបបាន៣នាក់ខាងលើហើយ តាមប្រមាញ់អំពីសកម្មភាព រហូតដល់យប់ថ្ងៃដដែល ដោយទទួលបានតំរុយ ព្រមទាំងសមាសភាព ដែលជាកូនចៅក្នុងការចេញធ្វើសកម្មភាព អធិការដ្ឋានបានបើកការបង្ក្រាបជាក់ស្តែងតែម្តង ស្ថិតនៅចំណុចហាងអ៊ុតសក់យីហោ ស្រីពេជ្យស្តាយ ដែលមានផ្ទះលេខ 241B ផ្លូវ93 ក្រុម17 ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ។

លោក ទៀង ច័ន្ទសារ បានបន្តថា មុខសញ្ញាមេខ្លោងខាងលើ បានប្រើប្រាស់រូបភាពបើកហាងផាត់មុខ ធ្វើសក់ ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច មហាជន និងឲ្យបក្ខពួកកូនចៅរបស់ខ្លួនបន្លំធ្វើជាកូនជាងអ៊ុតសក់ តែភាពពិតគឺជាសមាសភាព សម្រាប់ចេញយកគ្រឿងញៀន ទៅធ្វើសកម្មភាពចរាចរក្នុងចែកចាយជួញដូរបន្ត ។ ជាលទ្ធផលនៃកិច្ចប្រតិបត្តិការជំហ៊ានទី២នេះ សមត្ថកិច្ចបានធ្វើការបង្ក្រាប និងឃាត់ខ្លួនមេខ្លោង និងបក្ខពួកចំនួន ៩នាក់ ទី១. ឈ្មោះ គីម គុយ ភេទប្រុស អាយុ២០ឆ្នាំ, ទី២. អែម តូរ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ, ទី៣. ឈ្មោះ គីម ស្រីពេជ្រ ភេទស្រី អាយុ២៥ឆ្នាំ, ទី៤. គីម ស្រីពៅ ភេទស្រី, ទី៥. ម៉ាន កញ្ញា ភេទស្រី អាយុ២០ឆ្នាំ, ទី៦. គីម គូ ភេទប្រុស អាយុ១៩ឆ្នាំ, ទី៧. មីន ធីតា ភេទស្រី អាយុ២៥ឆ្នាំ, ទី៨. ប៊ុន ឃីម ភេទប្រុស អាយុ៤១ឆ្នាំ និងទី៩. ឡុង លក្ខិណា ភេទស្រី ។

វត្ថុតាងដកហូត ក្រាមពណ៌សថ្លាមិនទាន់ថ្លឹង ចំនួន១២កញ្ចប់ ក្នុងនោះមាន ៦កញ្ចប់ធំ និង៦កញ្ចប់តូច, គ្រឿងញៀនប្រភេទថ្នាំក្រវី (K ) ចំនួន១កញ្ចប់មាន៣គ្រាប់, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន២, ឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួន ឧបករណ៍ និងសម្ភារៈបំរើសកម្មភាព ។ កិច្ចប្រតិបត្តិការខាងលើត្រូវបានបញ្ចប់ នៅវេលាម៉ោង២រំលងអាធ្រាតថ្ងៃទី២៩ ខែធ្នូ សរុបជារួមពីលទ្ធផលនៃការ បង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀន នគរបាលបាននិងកំពុងសាកសួរ តាមវិធានការជំនាញ ដើម្បីបន្តយកបក្ខពួកសេសសល់ និងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕

ដកស្រង់ពី៖ ដើមអម្ពិល