បណ្តាញសង្គម

ចាប់ខ្លួនអនុប្រធានមណ្ឌលសុខភាព តាកែនកោះស្លា និងជនសង្ស័យ ២នាក់ទៀត ពាក់ព័ន្ធនឹងករណី ជួញដូរគ្រឿងញៀន

កំពត៖ កម្លាំងអន្តរាគមន៍ ស្នងការដ្ឋាន នគរបាលខេត្ត ដឹកនាំដោយ លោកវរសេនីយ៍ត្រី លោក ញ៉ាវ នាយការិយាល័យ ព្រហ្មទណ្ឌកម្រិត ស្រាលខេត្ត ក្រោមការណែនាំនីតិវិធី ពីលោក ឧត្តមសេនីយ៍ ស្នងការនគរបាល ខេត្តកំពត ម៉ៅ ច័ន្ទមធុរិទ្ធ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ បានចុះបង្ក្រាប មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន ក្នុងភូមិសាស្ត្រស្រុកឈូក ដោយឃាត់ខ្លួន បានជាបន្តបន្ទាប់ នូវជនសង្ស័យ ៣នាក់ និងដកហូតវត្ថុតាង ថ្នាំញៀន ៤កញ្ចប់ ។

នគរបាលជំនាញ បានឲ្យដឹងថា ជំហ៊ានដំបូង កម្លាំងនគរបាល បានឃាត់ខ្លួនជនសង្ស័យ ២នាក់ នៅចំណុច ភូមិស្រែលាវ ឃុំត្រពាំងភ្លាំង ស្រុកឈូក និងដកហូត គ្រឿងញៀន ប្រភេទម៉ាទឹកកក បានចំនួន ៣កញ្ចប់តូច ។ ជនសង្ស័យ ទី១. ឈ្មោះ ញឹម ជ្រឿន ភេទប្រុស អាយុ២៣ឆ្នាំ, ទី២. ឈ្មោះ រឿង រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ ទាំងពីរនាក់ រស់នៅភូមិស្រែលាវ ឃុំត្រពាំងភ្លាំង ។ នគរបាល ដដែលបានបន្តថា ជាបន្តបន្ទាប់ កម្លាំងអន្តរាគមន៍ ឈុតខ្មៅពិសេសខេត្ត សហការ ចុះបង្ក្រាប បានមុខសញ្ញាទី៣ នៅចំណុចភូមិស្រកានាគ ឃុំតាកែន ស្រុកឈូក និងដកហូតបានថ្នាំញៀន ១កញ្ចប់ធំ ។

ជនសង្ស័យទី៣នេះ ឈ្មោះ ជ ណុប ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិត្រពាំងរុន ឃុំតាកែន ស្រុកឈូក មុខរបរជាអនុប្រធាន មណ្ឌលសុខភាព តាកែនកោះស្លា ។ បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ បាននិងកំពុងសាកសួរ ដើម្បីបំពេញសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖ដើមអម្ពិល