បណ្តាញសង្គម

ឃុំខ្លួនជនជាតិវៀតណាម​ ល្បួងក្មេងអាយុ១៣ឆ្នាំ​ រួមភេទសន្យាចូលដណ្តឹង

ភ្នំពេញ: យុវជនវៀតណាមម្នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួន ក្នុងពន្ធនាគារព្រៃស កាលពីល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីស៊ើបអង្កេត ករណីរួមភេទ ជាមួយអនីតិជន អាយុក្រោម ១៥ឆ្នាំ ករណីនេះ ជាការ ព្រមព្រៀងរួមភេទ តែដោយសារជនរងគ្រោះ ជាអនីតិជន អាយុក្រោម១៥ឆ្នាំ ច្បាប់កំណត់ថា ទោះព្រមព្រៀង ក៏មានទោសដែរ ។

លោក ហួរ ម៉េងវ៉ាង អធិការរងនគរបាល ខណ្ឌមានជ័យ បញ្ជាក់កាលពី ព្រឹកថ្ងៃទី២២ ខែធ្នូ ថា លោក ជា សុខច័ន្ទដេត ចៅក្រមស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ បានសម្រេចឃុំ ខ្លួនយុវជន ឈ្មោះ ប៊ែ តឹង ហៅសីហា អាយុ១៩ឆ្នាំ ក្រោមការចោទ ប្រកាន់ពីបទ " រួមភេទជា មួយអនីតិជន អាយុក្រោម១៥ឆ្នាំ " តាមមាត្រា៤២ ច្បាប់ស្ដីពីការបង្ក្រាប អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ។

សមត្ថកិច្ច បញ្ជាក់ថា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ នៅម៉ោងប្រមាណ ១០៖៣០នាទីយប់ ក្មេងស្រីរងគ្រោះ បានសម្រាកនៅផ្ទះតែម្នាក់ឯង។ ពេលនោះ ជនសង្ស័យ ប៊ែ តឹង ដែលជាអ្នកស្គាល់គ្នា បានមកផ្ទះជនរងគ្រោះ និយាយសុំស្រឡាញ់ និងសុំរួមភេទ ដោយសន្យាចូលស្តីដណ្តឹង ធ្វើជាប្រពន្ធ។

ពេលនោះ ក្មេងស្រីរងគ្រោះ ក៏បានយល់ព្រមរួមភេទជាមួយ បានសម្រេចមួយលើក។ លុះដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ នៅម៉ោងប្រមាណ ១២៖៣០នាទី ថ្ងៃត្រង់ ឈ្មោះ ផន រុំ បានឃើញទឹកមុខ ជនរងគ្រោះ ស្លេកស្លាំង ខុសពីធម្មតា មានការសង្ស័យ បានសួរដេញដោល ជាច្រើនលើក ទើបក្មេងស្រីរងគ្រោះ ព្រមនិយាយ ប្រាប់ពីរឿងហេតុ ដែលបានរួមភេទ ជាមួយជនសង្ស័យឈ្មោះ ប៊ែ តឹង។ បន្ទាប់មក ម្តាយជនរងគ្រោះ និងក្រុមគ្រួសារ បានទៅនាំខ្លួនជនសង្ស័យ ប៊ែ តឹង ហៅ សីហា ដែលកំពុងស្នាក់នៅ ទូកមាត់ទន្លេបាសាក់ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មកប្រគល់ឲ្យនគរបាល ប៉ុស្តិ៍ចាក់អង្រែលើ តែម្ដង ៕

ដកស្រង់ពី៖ដើមអម្ពិល