បណ្តាញសង្គម

សមត្ថកិច្ចចាប់ខ្លួនជនឆបោកម្នាក់ នៅស្រុកភ្នំស្រួច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ប្រើល្បិចឆបោក ទិញទូរស័ព្ទមិត្តភក្តិ តម្លៃ ៣០ដុល្លារ ពេលណាត់សងលុយ ប្រើល្បិចម្តងទៀត ឆបោកបានម៉ូតូ ១គ្រឿង និងទូរស័ព្ទ ១គ្រឿងបន្ថែមទៀត គេចខ្លួនទៅសម្ងំ នៅខេត្តកំពង់ស្ពឺ ត្រូវនគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួនប្រគល់ឲ្យ នគរបាលស្រុកអង្គស្នួល កាលពីថ្ងៃទី២០ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្សារត្រពាំងក្រឡឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យនោះឈ្មោះ ឌិន បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡាន ទីលំនៅបច្ចុប្បន្ន នៅភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកជនរងគ្រោះ ឈ្មោះ រ៉េត ខាវី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិត្បែងមានជ័យ សង្កាត់ឪឡោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ម៉ូតូដែលបាត់ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១១ ពាក់ផ្លាកលេខ ភ្នំពេញ១AW.២០៥១ ។

នគរបាលបានបន្តថា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ជនរងគ្រោះបានទូរស័ព្ទទារលុយជនសង្ស័យ ថ្លៃទិញទូរស័ព្ទជឿ ចំនួន ៣០ដុល្លារ ពេលនោះជនសង្ស័យ បានណាត់ជនរងគ្រោះ សងនៅមុខតេលាមួយកន្លែង ក្នុងស្រុកអង្គស្នួល លុះបានជួបគ្នា ជនសង្ស័យបានប្រើល្បិចថា យកលុយមិនបានរួចខ្ចីម៉ូតូ ទៅយកលុយនៅផ្ទះម្តាយ ពេលនោះជនរងគ្រោះ ខ្លាចចាញ់បោកជនសង្ស័យ បានឲ្យប្អូនជីដូនមួយ ជូនជនសង្ស័យទៅយកលុយ លុះពេលទៅដល់ជនសង្ស័យ បានខ្ចីទូស័ព្ទអាយហ្វូនហ្វាយ របស់ ប្អូនជីដូនមួយជនរងគ្រោះ ខលឲ្យគេយកលុយមកឲ្យ រួចឲ្យចាំមួយភ្លែតជិះម៉ូតូចូលយកលុយ ក៏ជិះទៅបាត់យកទាំងម៉ូតូ និងទូរស័ព្ទមួយគ្រឿង បន្ថែមទៀត ផងដែរ លុះដល់ថ្ងៃទី២០ ខែតុលា ទើបនគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួនបាន ប្រគល់ឲ្យនគរបាល ស្រុកអង្គស្នួល ចាត់ការទៅតាមផ្លូវច្បាប់។

នៅចំពោះមុខនគរបាល ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ដូចការចោទប្រកាន់ របស់ជនរងគ្រោះពិតប្រាកដមែន ដោយយកម៉ូតូទៅបញ្ចាំ ម្ដុំឃ្លាំងរំសេវ រាជធានីភ្នំពេញបានលុយ (២៥០$) ៕

ដកស្រង់ពី៖ ដើមអម្ពិល