បណ្តាញសង្គម

គោ ២ក្បាល ត្រូវរន្ទះបាញ់ងាប់ ពេលរលឹមតិចៗ

ភ្នំពេញ៖ សត្វគោចំនួន ២ក្បាល កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ត្រូវបាន រន្ទះបាញ់ងាប់ នៅកណ្ដាលវាល ដែលហេតុការណ៍នេះ បានកើតឡើង នៅក្នុងភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

បើតាមសមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា គោទាំង២ក្បាល នោះ គឺមានម្ចាស់ ផ្សេងគ្នា ដែលម្ចាស់ទី១. ឈ្មោះ ប៉ូច ជ្រៀង ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងទី២. ឈ្មោះ វិត ចាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។

ប្រភពដដែល បានបញ្ជាក់ថា នៅថ្ងៃកើតហេតុ ម្ចាស់គោទាំង ២ និងប្រជាពលរដ្ឋ ផ្សេងទៀតបាន ប្រលេងគោ ឲ្យស៊ីស្មៅនៅ ចំណុចកើតហេតុខាងលើ លុះដល់ម៉ោង ៤ និង៣០នាទី មេឃធ្លាក់ភ្លៀង ហើយក៏មានផ្គរ មានរន្ទះបាញ់ បណ្តាលឲ្យងាប់ សត្វគោចំនួន ២ក្បាល តែម្ដង។ ចំពោះសត្វគោទាំង ២ក្បាលម្ចាស់ គោបានដឹកយក ទៅផ្ទះរៀងៗខ្លួន ៕

ដកស្រង៉ពី៖ដើមអម្ពិល