បណ្តាញសង្គម

ក្រុមអ្នកគាំទ្របាត់ទាត់ ប្តឹងម្ចាស់ចំណតផ្ញើម៉ូតូ នៅពហុកីឡាដ្ឋានជាតិ អូឡាំពិក មកតុលាការរឿង បាត់ម៉ូតូ

ភ្នំពេញ៖ យោងតាមពាក្យបណ្តឹងចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ដែលមានលោក វុន សុភាណារិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ (ជាតំណាងឲ្យជនរងគ្រោះ) ជាដើមបណ្តឹងប្តឹងឈ្មោះ អ៊ឹម ភិនសារិទ្ធ ភេទប្រុស មុខរបរប្រធានក្រុមហ៊ុន IPS Security Service CO.,LTD ដែលទទួលសិទ្ធិធ្វើអាជីវកម្ម ទទួលបញ្ញើម៉ូតូ ក្នុងបរិវេណពហុកីឡាដ្ឋានជាតិអូឡាំពិក។

នៅក្នុងកម្មវត្ថុសំខាន់បំផុតនៃបណ្តឹង បានទាមទារឲ្យឈ្មោះ អ៊ឹម ភិនសារិទ្ធ សងសំណងថ្លៃម៉ូតូ ចំនួន ៥គ្រឿង ដែលបានបាត់នៅក្នុងចំណតខាងលើ សរុបទឹកប្រាក់ ៩.៥០០ដុល្លារ និងជំងឺចិត្តចំនួន ៨.០០០ដុល្លារ។ ដើមចមដែលនាំឲ្យមានបណ្តឹងប្រឆាំងឈ្មោះ អ៊ឹម ភិនសារិទ្ធ នេះដោយសារតែថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ ជនរងគ្រោះចំនួន៥នាក់រួម មានទី១ឈ្មោះ ស៊ីម សារាយ ទី២ឈ្មោះ កូប ឃុតទ្រី ទី៣ឈ្មោះ ចាន់ មករា ទី៤ឈ្មោះ លី សុភ័ក្ត និងទី៥ឈ្មោះ ឆន ប្រុសណាត បានទៅទស្សនាការប្រកួតបាល់ទាត់នៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក ដោយបានយកម៉ូតូ (សុទ្ធតែម៉ាងហុងដាC125 សេរី២០១៦ទាំងអស់) ទៅផ្ញើនៅទីតាំងទទួលបញ្ញើម៉ូតូរបស់ក្រុមហ៊ុន IPS Security Service CO.,LTD ដែលមានទីតាំងក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិកតែម្តង។

ក្រោយពីមើលការប្រកួតបាល់ទាត់ចប់ ជនរងគ្រោះ បានចេញមកវិញ ប៉ុន្តែរកមឃើញម៉ូតូ ក្រោយមកទើបដឹងថា ម៉ូតូរបស់ពួកគាត់ ត្រូវបានចោរបន្លំយកអស់ទៅហើយ។ ក្រោយពេលបាត់ម៉ូតូបែបនេះ ក៏មានតំណាងក្រុមហ៊ុន IPS Security Service CO.,LTD ចេញមុខដោះស្រាយ ជាច្រើនលើកផងដែរ ប៉ុន្តែដោយសារតែភាគីក្រុមហ៊ុន ព្រមបង់ថ្លៃសំណងទាបពេក ដូច្នេះភាគីជនរងគ្រោះមិនសុខចិត្ត ក៏ដាក់ពាក្យប្តឹងតាមផ្លូវតុលាការតែម្តងទៅ៕

ដកស្រង់ពី៖ ដើមអម្ពិល