បណ្តាញសង្គម

ឃាត់ខ្លួនកម្មករ សំណង់ម្នាក់​ ខណៈលួចម៉ូតូ កសិករនៅ កំពង់ត្របែក

ភ្នំពេញ ៖ ជនសង្ស័យជាកម្មករ សំណង់ម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីបានធ្វើ សកម្មភាពលួចម៉ូតូកសិករម្នាក់នៅភូមិតាអោង ឃុំអន្សោម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នៅម៉ោង ប្រមាណ១៣៖៣០នាទី ថ្ងៃទី១ ខែសីហានេះ។

បើមន្ត្រីនគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទូច សាវេ៉ត ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ កសិករ ឯជនសង្ស័យឈ្មោះ នាង បញ្ញា ភេទ ប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិ ត្រពាំងរកា ឃុំអន្សោម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

មន្ត្រីនគរបាលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានយកម៉ូតូម៉ាកគុបជ្រុងសេ៥០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខកណ្តាល១D-៣៥៦៨ ទុកនៅក្នុងផ្ទះ រួចចេញទៅច្រូតស្មៅ ស្រាប់តែជនសង្ស័យបាន ធ្វើសកម្មភាពលួចយកម៉ូតូ រួចជិះគេចខ្លួន ពេលនោះជនរងគ្រោះ ក៏បានទាក់ទងប្រាប់បងប្អូន នៅភ្នំពេញ អោយជួយរក ក៏ឃើញជនសង្ស័យកំពុងជិះម៉ូតូ នៅផ្លូវជាតិលេខ១ ភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ក៏ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង ប្រគល់ជូនសមត្ថកិច្ច ប៉ុស្តិវាលស្បូវធ្វើការ សាកសួរ។ បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការ តាមនីតិវិធី៕

ដកស្រង់ពី៖ ដើមអម្ពិល