បណ្តាញសង្គម

ឃាត់ខ្លួនជនសង្ស័យ១នាក់ ជួញដូរគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្ត

ត្បូងឃ្មុំ៖ កម្លាំងអធិការដ្ឋាន នគរបាលស្រុកមេមត់ បានចុះល្បាតនៅល្ងាច ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ចំណុចតារាង បាល់ទាត់ខ្នងក្រពើ ស្ថិតនៅភូមិខ្នងក្រពើកើត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

កម្លាំងបានឃាត់ខ្លួន ជនសង្ស័យម្នាក់ និងរឹបអូសបានថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន៤កញ្ចប់ និងវត្ថុតាងម៉ូតូ ១គ្រឿងផងដែរ ។ លោក វរៈសេនីយ៍ត្រី ហុង គឹមហឿន អធិការដ្ឋាននគរបាល ស្រុកមេមត់បាន ឲ្យដឹងថា កម្លាំងជំនាញផ្នែកប្រឆាំង គ្រឿងញៀនយើង បានចុះល្បាតត្រួតពិនិត្យ ក្នុងភូមិសាស្ត្រ ស្រុកមេមត់ ពេលកម្លាំង យើងចុះដល់ចំណុចល្បាត ខាងលើ បានប្រទះឃើញ មុខសញ្ញាជនសង្ស័យ ឈ្មោះ ហឿង មករា ហៅ វិត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិខ្នងក្រពើលិច ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កំពុងជិះម៉ូតូក្នុងទិសដៅ ពីលិចទៅកើត កម្លាំងសមត្ថកិច្ច យើងហៅសុំធ្វើការ ត្រួតពិនិត្យស្ទាបឆែកឆេរ ជនសង្ស័យ បានបោះថ្នាំញៀន ម៉ាទឹកកក១កញ្ចប់តូច លើដី។

កម្លាំងយើងបាននាំខ្លួន ឈ្មោះ ហឿង មករា ហៅ វិត រួមនឹង វត្ថុតាងម្សៅក្រាមពណ៌សថ្លា ដែលសង្ស័យជាគ្រឿងញៀនចំនួន១កញ្ចប់តូច និងម៉ូតូ១គ្រឿងម៉ាកស្ទេប ពណ៌ផ្កាឈូកចាស់ គ្មានស្លាកលេខ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកមេមត់ ហើយកម្លាំងយើងបន្តធ្វើការត្រួតពិនិត្យស្ទាបឆែកឆេរ នៅក្នុងទូរស័ព្ទម៉ាក សាំសុង រកឃើញថ្នាំញៀន ម៉ាទឹកកក ចំនួន៣កញ្ចប់តូចទៀត ។ ករណីនេះ ជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាន នគរបាលស្រុកមេមត់ កំពុងកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ ការទៅតាមនិតិវិធី ៕

សាន វិឡែម ២៨.៧.២០១៦