បណ្តាញសង្គម

ពលរដ្ឋខ្មែរម្នាក់ទៀងហើយត្រូវទាហានថៃបាញ់ស្លាប់

ខេត្តពោធិ៍សាត់៖ពលរដ្ឋខ្មែរម្នាក់ក្នុងចំណោម បក្សពួក៧នាក់ ត្រូវទាហានឈុតខ្មៅថៃ បាញ់សម្លាប់ ខណៈពេលពួកគេ ឆ្លងដែន ចូលទៅកាប់ឈើខុសច្បាប់ នៅក្នុងទឹកដីថៃ។

ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ នៅលើទឹកដីថៃ ខេត្តត្រាត ទល់មុខ ចំណុចភ្លុកដំរី ក្នុងនិយាមការ TU(50159, 43790)។

ប្រភពព័ត៌មាន ពីសមត្ថកិច្ចព្រំដែន បានឲ្យដឹងថា ជនរងគ្រោះខ្មែរ មានឈ្មោះ តេង សល្យ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់ភូមិភ្នំ៧ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវទាហាន ឈុតខ្មៅថៃ បាញ់២គ្រាប់ ចំជើង១គ្រាប់ និង ចំកន្លែង បោះដៃ១គ្រាប់ទៀត ចំណែកឯ បុរស៦នាក់ផ្សេងទៀត បានរត់គេចខ្លួនបាត់ស្រមោល។ ក្រោយពេល កើតហេតុកម្លាំងខ្មែរ បានទំនាក់ទំនង ទៅសមត្ថកិច្ចថៃ ហើយបានចុះទៅពិនិត្យ និង ទទួលសាកសព នៅទឹកដីថៃ មកទឹកដីខ្មែរវិញ៕

ដកស្រង់ពី៖ មាតុភូមិ