បណ្តាញសង្គម

អនិច្ចាណាស់ ក្មេងកំព្រាបីនាក់់បងប្អូន ឪពុក​ស្លាប់​៤-៥ថ្ងៃព្រោះតែអត់លុយព្យាបាល មិនដឹងយកទៅណា...

ខេត្តរតនគីរី ៖ ប្រជាពលរដ្ឋ ក្នុងស្រុក អូរយ៉ាដាវ មានការ ភ្ញាក់ផ្អើល និង នាំគ្នាសម្រក ទឹកភ្នែក អាសូរដល់ ក្មេងកំព្រា ៣នាក់ បងប្អូន ក្រោយពេលដឹងថា ឪពុកឈឺធ្ងន់ អត់លុយទិញថ្នាំលេប ក៏ស្លាប់ចោលនៅក្នុងខ្ទម ឡើងហើមស្អុ យ រយៈពេលបួនប្រាំ ថ្ងៃមកហើយនោះ ។

នៅរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ នេះប្រជាពលរដ្ឋ ក្នុងភូមិ ប៉ក់ញៃ ឃុំប៉ក់ញៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី បាននាំគ្នា ផ្អើលឈូឆ ទៅមើលសាកសព ស្អុយរលួយក្នុងខ្ទមដាច់ ស្រយាលឆ្ងាយពីភូមិ ព្រមទាំងនាំគ្នា ចេញមកឈរ តាមដងផ្លូវ ដើម្បីបក់ដៃហៅ អ្នកធ្វើដំណើតាមផ្លូវ អោយជួយចូល បុណ្យដល់សព បុរសម្នាក់ដែល បានលាចាក លោកចោល កូនតូចៗ កំព្រា ៣នាក់ អោយនៅកណ្ដោច កន្ដែងគ្មានទីពឹង ។

បុរសដែល ស្លាប់ហើមស្អុយ រលួយនោះ មានឈ្មោះ ស៊ិន បូរ៉ា អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មានស្រុក កំណើតនៅ ភូមិ កូនធ្មាត ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានប្រពន្ធឈ្មោះ សាន សុខុម ទើបតែស្លាប់ បានប្រហែល៥ ទៅ៦ខែមុន ។ ពេលនេះ ឪពុកស្លាប់ចោលទៀត បន្សល់កូន កំព្រា ៣នាក់ កូនបងឈ្មោះ រ៉ា សាន ប្រុស អាយុ ១៣ឆ្នាំ កូនទី២ឈ្មោះ រ៉ា វិត ស្រី អាយុ ១១ឆ្នាំ និងកូន ទី ៣ ឈ្មោះ រ៉ា ស្រីម៉ៅ អាយុ ៧ឆ្នាំ ។ តាមការរាបរាប់ពី អ្នកភូមិថា គ្រួសារទូរគតនេះ កាលពីមុន មកពី ខេត្តត្បូងឃ្មុំ មករស់នៅ ភូមិឡំ ឃុំយ៉ាទង់ ស្រុក អូរយ៉ាដាវ ដោយជីវភាព តោកយ៉ាកពេក ប្រពន្ធឈឺ គ្មានថ្នាំព្យាបាល ក៏ស្លាប់បាត់ទៅ ហើយរូបគាត់ ក៏ឈឺកាន់តែធ្ងន់ ដោយប្រជាពលរដ្ឋ ក្នុងភូមិជាជនជាតិ ដើមភាគតិច គេខ្លាចស្លាប់ ក្នុងភូមិគេទៀត ពួកគេក៏នាំគ្នា ដេញគ្រួសារនេះ ចេញពីភូមិ គាត់ក៏នាំកូន មកទាំងឈឺ សង់ខ្ទមប្រក់តង់នៅលើដី ព្រៃជិតចំការ គេមួយកន្លែង ដោយពុំមាន អ្នកណាដឹងនោះទេ ។

ទើបតែរសៀលថ្ងៃនេះ ប្រជាពលរដ្ឋ ដើររកផ្សិត ក៏ប្រទះឃើញក្មេង ៣នាក់ អង្គុយទទូតង់ ហើយជិតនោះ ប្រមាណជា ២០ម៉ែត្រ មានខ្ទម ប្រក់តង់មួយ ពួកគាត់ ក៏សួរទៅក្មេងៗ ថា ហេតុអីបានជា មកទទូរតង់ នៅទីនេះ ហើយខ្ទម ប្រក់តង់ មួយទៀតជា ខ្ទមអ្នកណា ទើបក្មេងទាំងនេះ ប្រាប់ថា ឪពុកគេឈឺ ស្លាប់នៅក្នុងខ្ទម បួនប្រាំថ្ងៃហើយ ទើបគេនាំប្អូន មកទទូរតង់ នៅទីនេះ ។

 ក្រោយពេល ប្រជាពលរដ្ឋ ផ្អើលឈូឆ រាយការណ៍ទៅ សមត្ថកិច្ចៗ រួច លោក ងើយ ដន អធិការរង ស្រុកអូរយ៉ាដាវ ក៏ដឹកនាំកម្លាំង ចុះមកដល់ជួយ ចាត់ចែងសព ។ លោកអធិការរង ងើយ ដន ក៏បានអោយដឹងដែរថា ដោយសពនេះ មានភាពស្អុយ រលួយទៅហើយនោះ ត្រូវបូរជា ដុតទាំងទាំង ខ្ទមនេះតែម្ដង ។

ចំណែកក្មេងទាំង ៣នាក់ ត្រូវយកទៅចិញ្ចឹម នៅស្រុកសិន រងចាំមានអង្ការណា គេយកទៅចិញ្ចឹម ។អ្វីដែលប្រជាពលរដ្ឋអាណិត អាសូរដល់ក្មេងនោះ គឺក្មេងទាំង ៣នាក់ នៅតូចៗ មិនស្គាល់សាច់ញាតិ ហើយមិនដឹងថា ក្មេងទាំងនេះ មានសាច់ញាតិ ឬ អត់ ។ ក្រដល់ថ្នាក់ឈឺ ដេកចាំថ្ងៃស្លាប់ ទាំងប្ដី ប្រពន្ធ ចំណែកកូន បងអាយុ ១៣ឆ្នាំ ដើរធ្វើការអោយគេ បានប្រាក់បន្តិចបន្តួច យកមកចិញ្ចឹម ឪពុកដេកឈឺ និងចិញ្ចឹមប្អូនៗ រហូតដល់ ឪពុកស្លាប់ មិនហ៊ានប្រាប់គេ ខ្លាចគេដេញចេញ ពីកន្លែងនោះទៀត ៕