បណ្តាញសង្គម

ឃាត់ខ្លួន​បុគ្គលិក​ហាង​ម៉ាស្សា SK ម្នាក់ បញ្ជូន​ទៅ​តុលាការ ពាក់​ពន្ធ​ចេញ​សែក​ស្អុយ​ជិត​២​ម៉ឺន​ដុល្លារ

រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ សមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលិកហាងម៉ាស្សា SK ម្នាក់ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធករណី មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន “ប្រើប្រាស់មូលប្បទានប័ត គ្មានសាច់ប្រាក់” សែកស្អុយជិត២ ម៉ឺនដុល្លារអាមេរិក ។

ដោយទទួលបានបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលផែនការិយាល័យជំនាញព្រហ្មទណ្ឌ នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខហាងម៉ាស្សា SK ផ្លូវបេតុង (បឹងកក់) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ពន្ធពីបទ. មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២២ តាមដីកាបង្គាប់ឲ្យចាប់ ខ្លួនលេខ៥៣៤ ក១.ដ.ច.ន ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ដោយលោក ហុក ពៅ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ។ ជនសង្ស័យមានឈ្មោះ អ៊ុច សាម៉េត ហៅមានមាន ភេទស្រី អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកហាងម៉ាស្សា SK ស្នាក់នៅបច្ចុប្បន្នផ្ទះជួល ផ្លូវលេខ១០០៧ (ជិតផ្សារក្រមួន) សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ក្រោយចាប់ឃាត់ខ្លួនជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព