បណ្តាញសង្គម

ទីបំផុត ទាំងខ្មាន់កាំភ្លើង និងបក្ខពួក ត្រូវចាប់ខ្លួន ក្រោយបា.ញ់មនុស្ស​៣​នាក់​របួស នៅ​សង្កាត់​ស្រះ​ចក

រាជធានីភ្នំពេញ ៖ ខ្មាន់កាំភ្លើង ដែលបាញ់បណ្ដាលឲ្យមនុស្ស៣នាក់រងរបួស នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវកម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌស្រាវជ្រាវបង្ក្រាបបានហើយ ។

សូមជម្រាបដែរថា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០១៖២០នាទីទៀបភ្លឺមានករណីផ្ទះអាវុធបង្កឡើងដោយជនសង្ស័យម្នាក់ បណ្តាលឲ្យរងរបួសជនរងគ្រោះចំនួន០៣នាក់ នៅចំណុចបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យខាងលើ បានជិះរថយន្ត ០១គ្រឿងម៉ាក NISSAN ពណ៌ទឹកប្រាក់ រត់គេចខ្លួនបាត់ ។

ក្រោយពីទទួលបានព័ត៌មានភ្លាម ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រើវិធានការជំនាញស្រាវជ្រាវតាមនីតិវិធី រហូតដល់វេលាម៉ោង១៩និង៣០នាទីនាថ្ងៃដដែល កម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន ឈានដល់នាំខ្លួនបានជនសង្ស័យបានចំនួន១នាក់ ឈ្មោះ ថុល តាំង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីយោធា នាយកដ្ឋានសណ្តាប់ធ្នាប់ ក្រសួងការពារជាតិ នៅត្រង់ចំណុចសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ បន្ទាប់ធ្វើការសាកសួរ ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើប្រាស់អាវុធខ្លីម៉ាក Glock បាញ់ទៅលើជនរងគ្រោះ ពិតប្រាកដមែន ។ មូលហេតុដោយសារតែយុវជននោះ និងបក្ខពួកជាច្រើននាក់ប៉ុនប៉ងប្លន់ទ្រព្យសម្បត្តិសង្សារបស់ខ្លួន ។

មធ្យោបាយ និងវត្ថុតាងដកហូតបានរថយន្តប្រព្រឹត្តបទល្មើស ម៉ាក Nissan (Pick up) ពណ៌ទឹកប្រាក់ និងអាវុធខ្លី ១ដើម ម៉ាក GLOCK ។ បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងរៀបចំបញ្ជូនជនសង្ស័យខាងលើ ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី ។ យោងតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ខ្មាញ់កាំភ្លើងបា.ញ់តដៃសមត្ថកិច្ចក្នុងការឡោមព័ទ្ធនៅខាងលិចផ្សារសាំហាន់ គឺជាបក្ខពួកជាមួយជនសង្ស័យឈ្មោះ ថុល តាំង ភេទប្រុស ដែលផ្ទុះអាវុធបណ្តាលឱ្យមនុស្ស៣នាក់រងរបួស នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ នៅវេលាម៉ោង០១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ។ បើតាមរបាយការណ៍បឋមរបស់សមត្ថកិច្ច បានអោយដឹងថា មានការផ្ទុះអាវុធជាបន្តបន្ទាប់ចំនួន២លើក ប្រមាណ៨គ្រាប់ ក្នុងការបាញ់តដៃគ្នារវាងសមត្ថកិច្ច និងខ្មាញ់កាំភ្លើងម្នាក់ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នៅវេលាម៉ោងប្រមាណ១៧និង៥៥នាទី កម្លាំងប៉ូលិសខណ្ឌដូនពេញ បានសហការជាមួយកម្លាំងប៉ូលិសខណ្ឌឫស្សីកែវ និងកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និងធ្ងន់ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឡោមព័ទ្ធកន្លែងស្នាក់នៅរបស់ជនសង្ស័យ ស្ថិតនៅផ្លូវ៦២អ៊ែ ក្រុមទី៥ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ធឫស្សីកែវ ។ ក្នុងប្រតិបត្តិការនេះ បញ្ជាដឹកនាំផ្ទាល់ដោយឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានផ្ទុះអាវុធ ចំនួនពីរលើក ប្រហែល០៨គ្រាប់ និងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ដកហូតបានអាវុធខ្លី១ដើម ម៉ាក K54 ។ បច្ចុប្បន្នជនសង្ស័យ បានបញ្ជូនទៅកាន់ស្នងការរាជធានីភ្នំពេញ ដើម្បីសាកសួរ ។

សូមរម្លឹកថា ៖ «បើកឡានឈប់ក្បែរក្មេងៗលេងឈូស រួចសួរប៉ុន្មានម៉ាត់ ក៏ដកកាំភ្លើ.ងបា.ញ់ ផ្អើលស្តុបច្រកចូលបឹងកក់» កាលពីវេលាម៉ោងជាង១រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បុរសជាខ្មាន់កាំភ្លើងម្នាក់ បានដកកាំភ្លើងខ្លី បាញ់ជាច្រើនគ្រាប់បណ្តាលឲ្យយុវជនម្នាក់បានរងរបួស ដោយសារតែខឹងក្មេងៗលេងឈូស សើចឌឺដង ខណៈពេល តែកំពុងឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ។ ហេតុការណ៍ផ្ទុះអាវុធបានកើតឡើងនៅស្តុប R3 ច្រកចូលបឹងកក់ ក្នុងមូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បន្ទាប់ពីផ្ទុះអាវុធ បង្កអោយរបួស សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវ ហើយឈានទៅឡោមព័ទ្ធទីតាំងខ្មាន់កាំភ្លើងស្នាក់នៅ និងបានបាញ់តដៃគ្នាអស់ជាច្រើនម៉ោង ហើយក៏ត្រូវសមត្ថកិច្ចបង្ក្រាបចាប់ខ្លួនបាន។ ទោះបីជាយ៉ាងណា ជនសង្ស័យពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយគេពុំដឹងថា ជនសង្ស័យធ្វើអ្វីអោយប្រាកដនោះដែរ បានជាមានអាវុធប្រើប្រាស់ ៕

ដកស្រង់ពី៖កោះសន្តិភាព