បណ្តាញសង្គម

ផ្ទុះអាវុធ​ប្រមាណ​៨​គ្រាប់ បា.ញ់​តដៃ​សមត្ថកិច្ច​ក្នុង​ការ​ឡោម​ព័ទ្ធ​ឃាត់ខ្លួន​ខ្មាញ់​កាំភ្លើង នៅ​ខាងលិច​ផ្សារ​សាំ​ហាន់

រាជធានីភ្នំពេញ ៖ តាមរបាយការណ៍បឋមរបស់សមត្ថកិច្ច បានអោយដឹងថា មានការផ្ទុះអាវុធជាបន្តបន្ទាប់ ចំនួន២លើក ប្រមាណ៨គ្រាប់ ក្នុងការបាញ់តដៃគ្នារវាងសមត្ថកិច្ច និងជនសង្ស័យ នៅក្នុងការឡោមព័ទ្ធចាប់ខ្លួនខ្មាន់កាំភ្លើង ករណីផ្ទុះអាវុធជាច្រើនគ្រាប់បណ្តាលអោយបុរសម្នាក់រងបួសកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ។

តាមរបាយការណ៍បានអោយដឹងបន្តថា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នៅវេលាម៉ោងប្រមាណ១៧និង៥៥នាទី កម្លាំងប៉ូលិសខណ្ឌដូនពេញ បានសហការជាមួយកម្លាំងប៉ូលិសខណ្ឌឫស្សីកែវ និងកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និងធ្ងន់ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឡោមព័ទ្ធកន្លែងស្នាក់នៅរបស់ជនសង្ស័យ ស្ថិតនៅផ្លូវ៦២អ៊ែ ក្រុមទី៥ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ធឫស្សីកែវ ។

ក្នុងប្រតិបត្តិការនេះ បញ្ជាដឹកនាំផ្ទាល់ដោយឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានផ្ទុះអាវុធ ចំនួនពីរលើក ប្រហែល០៨គ្រាប់ និងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ដកហូតបានអាវុធខ្លី១ដើម ម៉ាក K54 ។ បច្ចុប្បន្នជនសង្ស័យ បានបញ្ជូនទៅកាន់ស្នងការរាជធានីភ្នំពេញ ដើម្បីសាកសួរ ។ បើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ខ្មាញ់កាំភ្លើងខាងលើ ជាបក្ខពួកជាមួយជនសង្ស័យម្នាក់ទៀត ដែលផ្ទុះអាវុធ បណ្តាលឱ្យយុវជនម្នាក់រងរបួស នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ នៅវេលាម៉ោង០១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ។

ដោយឡែកនៅយប់ថ្ងៃដដែលនេះ ជនសង្ស័យម្នាក់ទៀត ក៏ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បង្ក្រាបចាប់ឃាត់ខ្លួនបានផងដែរ នៅខណ្ឌចំការមន ។

គួរបញ្ជាក់ថា «បើកឡានឈប់ក្បែរក្មេងៗលេងឈូស រួចសួរប៉ុន្មានម៉ាត់ ក៏ដកកាំភ្លើ.ងបា.ញ់ ផ្អើលស្តុបច្រកចូលបឹងកក់» កាលពីវេលាម៉ោងជាង១រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បុរសជាខ្មាន់កាំភ្លើងម្នាក់ បានដកកាំភ្លើងខ្លី បាញ់ជាច្រើនគ្រាប់បណ្តាលឲ្យយុវជនម្នាក់បានរងរបួស ដោយសារតែខឹងក្មេងៗលេងឈូស សើចឌឺដង ខណៈពេល តែកំពុងឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ។

ហេតុការណ៍ផ្ទុះអាវុធបានកើតឡើងនៅស្តុប R3 ច្រកចូលបឹងកក់ ក្នុងមូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បន្ទាប់ពីផ្ទុះអាវុធ បង្កអោយរបួស សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវ ហើយឈានទៅឡោមព័ទ្ធទីតាំងខ្មាន់កាំភ្លើងស្នាក់នៅ និងបានបាញ់តដៃគ្នាអស់ជាច្រើនម៉ោង ហើយក៏ត្រូវសមត្ថកិច្ចបង្ក្រាបចាប់ខ្លួនបាន។ ទោះបីជាយ៉ាងណា ជនសង្ស័យពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយគេពុំដឹងថា ជនសង្ស័យធ្វើអ្វីអោយប្រាកដនោះដែរ បានជាមានអាវុធប្រើប្រាស់ ៕

ដកស្រង់ពី៖កោះសន្តិភាព