បណ្តាញសង្គម

ចុះ​បង្ក្រាប​កុងស៊ីបញ្ចាំ ​២​ទីតាំងនៅ​ឃ្លាំង​រំសេវ ដកហូត​ម៉ូតូ​ជាង​៥០០​គ្រឿង ឃាត់ខ្លួន​មនុស្ស​៧​នាក់

រាជធានីភ្នំពេញ ៖ ទីតាំងកុងស៊ីបញ្ចាំ ចំនួន២កន្លែងនៅតំបន់ឃ្លាំងរំសេវ ត្រូវបានកម្លាំងនគរបាលទណ្ឌកម្រិតស្រាល នៃក្រសួងមហាផ្ទៃ ចុះបង្ក្រាបឆែកឆេរ ដោយដកហូតម៉ូតូ ពុំមានឯកសារគ្រប់គ្រាន់ ប្រមាណជាង៥០០គ្រឿង, ស្លាក់លេខម៉ូតូជាង៦០បន្ទះ ព្រមទាំងឃាត់ខ្លួនមនុស្ស ចំនួន៧នាក់ បញ្ជូនទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌ ដើម្បីសាកសួរ ។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោងប្រមាណ១០ព្រឹករហូតរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ ។ តាមព័ត៌មានអោយថា ទីតាំងដែលត្រូវបង្ក្រាប រួមមាន ទីតាំងទី១. ស្ថិតនៅឃ្លាំងលេខ៥ ផ្លូវលេខ១៩២ និងទីតាំងទី២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០២ ក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះ ក៏មានការចូលរួមសហការពីនគរបាលខណ្ឌទួលគោកផងដែរ ។

តាមនគរបាលអោយដឹងថា នៅក្នុងប្រតិបត្តិការនេះ ទីតាំងទី១ ឃ្លាំងលេខ៥ កម្លាំងសមត្ថកិច្ចបានដកហូតម៉ូតូចំនួន ៩២គ្រឿង ក្នុងនោះមានឯកសារត្រឹមត្រូវ ចំនួន៨គ្រឿង និងគ្មានឯកសារចំនួន ៨៤គ្រឿង។ ចំណែកទីតាំងទី២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០២ ក្បែរសាលារៀនទឹកល្អក់ កម្លាំងសមត្ថកិច្ចបានរកឃើញម៉ូតូជាង ៤០០គ្រឿង ពុំមានឯកសារត្រឹមត្រូវ ដែលសរុបទាំង២ទីតាំង ប្រមាណជាង៥០០គ្រឿង ។

តាមព័ត៌មានអោយដឹងថា ការឈានទៅបង្ក្រាបឆែកឆេរឃ្លាំងកុងស៊ីបញ្ចាំនេះ បន្ទាប់ពីសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនឹងកម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យកាប់ប្លន់យកម៉ូតូ១ក្រុម កាលពីប៉ុន្មានថ្ងៃនេះ។ បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យក៏បានឆ្លើយសារភាពថា ម៉ូតូដែលប្លន់បាន យកទៅបញ្ចាំនៅកុងឃ្លាំងរំសេវ។

ក្រោយមកកម្លាំងនគរបាលជំនាញ បានធ្វើការស្រាវជ្រាវរហូតដល់កំណត់បានទីតាំង ដែលជនសង្ស័យបានយកម៉ូតូមកបញ្ចាំចំនួនពីរទីតាំង ក៍បានចុះឡោមព័ទ្ធឆែកឆេរតែម្តង ។ ម៉ូតូជាង៥០០គ្រឿង រួមទាំងមនុស្សចំនួន៧នាក់ ត្រូវបានសមត្ថកិច្ច ដកហូត និងនាំខ្លួនទៅសាកសួរ។ ដោយឡែកទីតាំងឃ្លុំបេបិទជាបណ្តោះអាសន្ត ៕

ដកស្រង់ពី៖កោះសន្តិភាព