បណ្តាញសង្គម

បុរស​អ្នក​រត់​ម៉ូតូ​កង់​បី ឈ្លោះ​ជាមួយ​ប្រពន្ធ រួច​ចាក់​បំពង់ក​ខ្លួនឯង​នឹង​កូន​កន្ត្រៃ រង​របួស

រាជធានីភ្នំពេញ ៖ អាសូរតែក្មេងទៅលោកព្រះ! វ័យជិត៤០ឆ្នាំទៅហើយ បុរសអ្នករត់ម៉ូតូកង់បីម្នាក់ មានប្រពន្ធថែមទាំងកូនទៀត បែរជាងប់ងុល និងការសេពគ្រឿងញៀន រហូតដល់ញៀនដល់កម្រិត(បែកថ្នាំ) លែងដឹងដប់ម្ភៃ មិនតែប៉ុណ្ណោះ គាត់តែងតែរករឿងអុកឡុកប្រពន្ធ និងក្រុមគ្រួសារ ជាញឹកញាប់ទៀតផង ហើយនៅទីបំផុត ក្រោយពីឈ្លោះជាមួយប្រពន្ធរួច បុរសរូបនេះ ក៏បានយកកូនកន្ត្រៃ ចាក់.កខ្លួនឯង បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ហូរឈាមស្រោចខ្លួនតែម្ដង ។

ហេតុការណ៍នេះ បានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៤និង៥៥នាទីល្ងាចនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បុរសដែលចាក់,កប៉ុនប៉ងផ្ដាច់ជីវិតខ្លួនឯង តែមិនស្លាប់នោះ ឈ្មោះ សុខ ចាន់ដារិទ្ធ អាយុ៣៥ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានទីលំនៅក្នុងភូមិកើតហេតុខាងលើ រងរបួសរយះ បំពង់ក ហូរឈាមស្រោចខ្លួន។ ចំណែកប្រពន្ធមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ខណៈពេលដែលបុរសជាប្ដីរូបនេះរករឿង នាងបានជិះម៉ូតូគេចចេញទៅបាត់ ដោយភ្លាមៗនោះ ពុំដឹងថា ទៅទីណានោះទេ ។ នគរបាលបានប្រាប់ឲ្យដឹងថា តាមការសាកសួរក្រុមគ្រួសាររបស់បុរសនេះ បានប្រាប់ថា បុរសខាងលើបានសេពគ្រឿងញៀន រហូតដល់កម្រិតបែកថ្នាំទៅហើយ ទោះជាក្រុមគ្រួសារបងប្អូនសាច់ញាតិ បាននិយាយណែនាំយ៉ាងណា ក៏មិនស្ដាប់ដែរ ហើយព្រោះតែឥទ្ធិពលគ្រឿងញៀននេះ បានរករឿងឈ្លោះប្រពន្ធ និងអុកឡុកក្រុមគ្រួសារជាញឹកញាប់។ ដោយឡែកនៅថ្ងៃកើតហេតុ បានឈ្លោះជាមួយប្រពន្ធម្ដងទៀត រួចក៏ចាក់បំពង់ក ខ្លួនឯងនឹងកូនកន្ត្រៃ បណ្ដាលឲ្យរងរបួសហូរឈាមស្រោចខ្លួន ចំណែកស្ត្រីជាប្រពន្ធ ខណៈដែលប្ដីរករឿង នាងក៏បានជិះម៉ូតូគេចចេញទៅបាត់ ព្រោះធុញនឹងប្ដីចេះតែរករឿងពេក ។

នគរបាល បានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយពេលចាក់.កខ្លួនឯងបណ្ដាលឲ្យរបួសហើយ បុរសនេះអត់បានទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួសនោះទេ ក៏បានបើកម៉ូតូកង់បី ចេញពីផ្ទះ ទាំងឈាមជោគខ្លួន តាមរកប្រពន្ធ។ លុះពេលទៅដល់ក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទីបី ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែម៉ូតូកង់បីរលត់ម៉ាស៊ីន ហើយបុរសនេះ បានព្យាយាមបញ្ឆេះម៉ាស៊ីន ប៉ុន្តែមិនព្រមឆេះសោះ ។ ប្រភពខាងលើបានប្រាប់បន្ថែមទៀតថា បន្ទាប់មក បុរសរូបនោះក៏បានទុកម៉ូតូកង់បីចោល នៅតាមផ្លូវបេតុង រួចបានដើរត្រលប់ទៅផ្ទះវិញ ទាំងឈាមជោគខ្លួន ហើយពេលឃើញបែបនេះ អ្នកភូមិព្រៃព្រីងខាងជើង២នោះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះពុំដឹងថា បុរសនោះរងរបួសដោយសាររឿងអ្វី ។

ទើបរាយការណ៍ជូននគរបាល និងប្រជាការពារឲ្យទៅសួរនាំ ហើយភ្លាមៗនោះ នគរបាលក៏ពុំទាន់ដឹងថា បុរសនេះមានរឿងអ្វីដែរ ក៏បានធ្វើការសួរនាំ។ ប៉ុន្តែបុរសនេះ ឆ្លើយរវើរវាយមិនគួរឲ្យទុកចិត្ត និងមិនអាចយកជាសាច់ការបានឡើយ ទើបនគរបាល ក៏បានទាក់ទងទៅសួរនាំក្រុមគ្រួសារ ទើបដឹងការពិត ។

បន្ទាប់មក នគរបាលបានប្រាប់ឲ្យក្រុមគ្រួសារសាច់ញាតិ ទៅយកម៉ូតូកង់បី ត្រលប់ទៅផ្ទះវិញ និងឲ្យនាំយកបុរសនោះ ទៅមន្ទីរពេទ្យ ប៉ុន្តែបុរសនេះប្រកែកមិនព្រមទៅពេទ្យនោះឡើយ ៕

ដកស្រង់ពី៖កោះសន្តិភាព