បណ្តាញសង្គម

អគ្គិភ័យ​ឆាបឆេះ​អតីត​ឃ្លាំង​ផលិត​ប្រេងម៉ាស៊ីន​ក្លែងក្លាយ យ៉ាង​សន្ធោសន្ធៅ នៅ​ស្វាយប៉ាក

រាជធានីភ្នំពេញ ៖ អតីតឃ្លាំងផលិតប្រេងក្លែងក្លាយ នៅក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ធ្លាប់ត្រូវបានបង្ក្រាប ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលអោយម៉ាស៊ីនស្លប្រេង និងប្រេងម៉ាស៊ីន បានរងការខូចខាត ។

ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ០៤និង៤០នាទី រសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ។ តាមព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះម៉ាស៊ីនស្លរប្រេង យ៉ាងសន្ធោសន្ធៅ ផ្សែងហុយទ្រលោមឡើងទៅលើអាកាស បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅខាងជើងរាជធានីភ្នំពេញ។ ភ្លាមៗកម្លាំងនគរបាល រួមទាំងអាជ្ញាធរមូលដ្ឋាន ក៏បានទាក់ទងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ទៅអន្តរាគមន៍ បាញ់ពន្លត់ ហើយភ្លើងបានរលត់ទៅវិញ ពុំបណ្តាលអោយឆេះរាលដាលឡើយ ។ បើតាមម្ចាស់ បានអោយសមត្ថកិច្ចដឹងថា នៅមុនពេលកើត ភ្លើងបានឆាបឆេះម៉ាស៊ីនស្លប្រេង ១គ្រឿង ហើយបានឆេះរាលដាលទៅម៉ាស៊ីនផ្សេងៗទៀត បណ្តាលអោយរងការខូចខាត។ ទាក់ទិនការកើតមានអគ្គិភ័យនេះ ម្ចាស់អះអាងថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ម៉ាស៊ីនស្លប្រេង ។

តាមម្ចាស់ដដែល អោយដឹងទៀតថា ម៉ាស៊ីនស្លប្រេង បានរៀបចំតម្លើងមានតម្លៃប្រមាណជាង ៥ម៉ឺនដុល្លារ តែពុំដឹងពីទំហំ នៃការខូចខាតឡើយ ។ មន្ត្រីនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានអោយដឹងថា បន្ទាប់ពីកើតមានអគ្គិភ័យ នគរបាលបានចេញរថយន្តជាច្រើនគ្រឿង ទៅអន្តរាគមន៍ បាញ់ពន្លត់ ហើយភ្លើងបានរលត់ទៅវិញពុំបណ្តាលអោយឆេះរាលដាលឡើយ។ ម៉ាស៊ីនស្លប្រេង មួយចំនួន បានរងការតូចខាត រួមជាមួយប្រេងម៉ាស៊ីន ។

គួរបញ្ជាក់ថា ទីតាំង ដែលត្រូវភ្លើងឆេះជាអតីតឃ្លាំងនាំចូល កែច្នៃ វេចខ្ចប់ ប្រេងរំអិល(ម៉ាស៊ីន)ខុសច្បាប់ ដែលត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ធ្លាប់ចុះបង្ក្រាប ដោយដកហូតប្រេងក្លែងក្លាយ ប្រមាណជាង១២តោន នាពេលកន្លងមក។ ករណីអគ្គិភ័យនេះ ខណៈពេលដែលម៉ាស៊ីនផលិតប្រេង កំពុងដំណើរការ ស្រាប់តែភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ តែម្តង ៕

ដកស្រង់ពី់៖កោះសន្តិភាព