បណ្តាញសង្គម

សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ភោជនីយដ្ឋាន «​ម្ហូប​ធម្មជាតិ​» អស់​ចំនួន​៦​ខ្យូ​ស​ទាំងស្រុង

រាជធានីភ្នំពេញ ៖ ខ្យូសផឹកស៊ី ចំនួន៦ ក្នុងចំណោម៩ ស្ថិតនៅក្នុងភោជនីយដ្ឋាន «ម្ហូបធម្មជាតិ» ត្រូវបានអគ្គិឆាបឆេះសន្ធោសន្ធៅអស់ទាំងស្រុង ដែលជំហ៊ានដំបូងសង្ស័យផ្ដើមចេញពីមូលហេតុឆ្លងចរន្តអគ្គិសនី ហើយភ្លាមៗនោះ ត្រូវបានអ្នកភូមិ និងរថយន្តពន្លត់អគ្គិភ័យពន្លត់រលត់ទៅវិញ មិនមានការរាលដល់កន្លែងផ្សេងទៀតឡើយ ។

ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ ហើយភោជនីយដ្ឋាន «ម្ហូបធម្មជាតិ» នោះមានទីតាំងស្ថិតនៅតាមផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមអ្នកភូមិព្រៃទា បានប្រាប់ថា ភោជនីយដ្ឋានមួយនេះ មានលក់ស៊ុប ម្ហូបកុម្ម៉ង់ គ្រឿងក្លែមគ្រប់មុខ និងមានខ្យូស(កញ្ចុះ) ឫស្សីសម្រាប់ភ្ញៀវចូលទៅអង្គុយលេងផងដែរ ហើយពីមុនឃើញលក់ដាច់គួរសមដែរ ប៉ុន្តែក្រោយមកស្រាប់ផ្អាកលក់ទៅវិញ មួយរយៈពេលមកហើយ ដោយពុំដឹងថា លក់លែងដាច់ក្ស័យធន ឬក៏មានបញ្ហាអីនោះទេ ដោយឡែកនៅមុនពេលកើតហេតុ ឃើញមានមនុស្ស៥ ទៅ៦នាក់ ចូលទៅអង្គុយលេងនៅក្នុងខ្យូស ប៉ុន្តែពុំដឹងថា ក្រៅពីអង្គុយលេងអ្នកទាំងនោះធ្វើអ្វីខ្លះទេ ។

អ្នកភូមិដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា លុះដល់ពេលកើតហេតុ ស្រាប់តែមានភ្លើងឆាបឆេះខ្យូស ឡើងសន្ធោសន្ធៅ ហើយអ្នកអង្គុយលេងទាំងនោះបាននាំគ្នារត់បាតជើង ស ព្រាតតែម្ដង ដែលសង្ស័យបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។ ភ្លាមៗនោះ ពួកគាត់បាននាំគ្នាដងទឹក ជះពន្លត់ដែរ ប៉ុន្តែភ្លើងមិនរលត់ឡើយ និងបានឆេះឆ្លងពីខ្យូស១ ទៅខ្យូស១ទៀត ជាបន្តបន្ទាប់ ចំនួន៦ខ្យូស ។ រហូតដល់រថយន្តពន្លត់អគ្គិភ័យ ដែលប្រចាំការនៅសាលាខណ្ឌពោធិ៍សែនជ័យ និងរថយន្តពន្លត់អគ្គិភ័យអង្គភាព៧១១ ទៅជួយបាញ់ពន្លត់ទើបរលត់ តែខ្យូសទាំង៦នោះ ត្រូវបានភ្លើងឆេះក្លាយទៅជាផេះផង់តែម្ដង ៕

ដកស្រង់ពី៖កោះសន្តិភាព