បណ្តាញសង្គម

របាយការណ៍​ខូចខាត​បឋម ក្រោយ​ផ្ទុះ​ឆេះ​ឃ្លាំង​ស្តុក​គ្រាប់​តូច​ធំ ក្នុង​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៣

ខេត្តកំពង់ស្ពឺ ៖ ករណីផ្ទុះគ្រាប់ធុនធំតូច បណ្តាលឱ្យឆេះឃ្លាំងស្តុកគ្រាប់បច្ចេកទេស ក្នុងទីបញ្ជាការយោធភូមិភាគទី៣ ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅម៉ោងប្រមាណជា១៤និង២៥នាទីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ បានរងនូវការខូចខាតបឋម រួមមាន ៖ -មនុស្សចំនួន ២០នាក់ (ស្លាប់) ក្នុងនោះ មាននាយទាហានខេត្តកោះកុងចំនួន ១៥នាក់ និងនាយទាហានទីបញ្ជាការយោធភូមិភាគ ចំនួន ៥នាក់ ។

-ចំពោះអាវុធ-គ្រាប់ មកពីខេត្តកោះកុងមាន រថយន្ត០៥គ្រឿង (ផ្ទុះខ្ទេចរថយន្ត ១គ្រឿងរួមទាំងអាវុធគ្រាប់នៅលើរថយន្ត, រថយន្តមួយគ្រឿងទៀត ខូចធ្ងន់ធ្ងរផ្នែកខាងក្រៅ តែអាវុធគ្រាប់នៅលើនឹង, ០៣គ្រឿងទៀត មិនទាន់បានដាក់អាវុធគ្រាប់ចុះ) ។ -ចំនួនអាវុធគ្រាប់ ដែលដឹកជញ្ចូនមកពីខេត្តកោះកុង មាននៅក្នុងឧបសម្ព័ន្ធ ជូនភ្ជាប់ជាមួយរបាយការណ៍ ។ -អាវុធគ្រាប់ នៅក្នុងឃ្លាំងបច្ចេកទេស ទីបញ្ជាការយោធភូមិភាគ (មិនទាន់សរុបបាន) ។

-អគារខូចខាតធ្ងន់ធ្ងរ ចំនួន០៤ខ្នង (អាវុធគ្រាប់ក្នុងឃ្លាំង០៣ខ្នង ខូចខាតទាំងស្រុង,អគារស្នាក់នៅ០១ខ្នង និងអគារការិយាល័យក្នុងទីបញ្ជាការយោធភូមិភាគ ខូចខាតផ្នែកខាងក្រៅរួមមានទ្វា បង្អួច និងដំបូល) ។

-ខូចខាតផ្ទះប្រជាពលរដ្ឋជុំវិញ ទីបញ្ជាការយោធភូមិភាគ ចំនួន ២៥ខ្នង ។ សូមជម្រាបថា ខាងលើនេះ ជារបាយការណ៍បឋមតែប៉ុណ្ណោះ យ៉ាងណារាយការណ៍លម្អិត នឹងជូនពេលក្រោយ ។

ក្រោយកើតមានឧបទ្ទវហេតុដ៏រន្ធត់នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះថា ៖ ខ្ញុំមានក្តីរន្ធត់ក្តុកក្តួលឥតឧបមា ដែលបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្កឱ្យយោធិនចំនួន ២០នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស ។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ ។

ខ្ញុំបានផ្តល់ការណែនាំដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដើម្បីចាត់ចែងជាបន្ទាន់រៀបចំពិធីបុណ្យសពជូនយោធិនដែលបានពលីក្នុងឧបទ្ទវហេតុនេះ ឱ្យបានសមរម្យស័ក្តិសមនឹងពលិកម្មរបស់ពួកគាត់ចំពោះជាតិ និងមាតុភូមិ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា នឹងធ្វើជាតំណាងរបស់ខ្ញុំដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ ។ រាជរដ្ឋាភិបាលនឹងទទួលរ៉ាប់រងទាំងស្រុង លើការចំណាយរៀបចំពិធីបុណ្យសពនេះ ។

ជាមួយគ្នានេះ ខ្ញុំសូមផ្តល់ការឧបត្ថម្ភជាថវិកាជូនគ្រួសារយោធិនពលី ចំនួន ២ម៉ឺនដុល្លារអាមេរិក ក្នុងមួយគ្រួសារសព ហើយចំពោះយោធិនដែលរងរបួសក្នុងឧបទ្ទវហេតុនេះ ក្នុងម្នាក់ៗចំនួន ២០ លានរៀល ។ ខ្ញុំសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់យោធិនពលី បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងក៏សូមជូនពរយោធិន និងជនរងគ្រោះទាំងអស់ឆាប់បានជាសះស្បើយ ៕

ដកស្រង់ពី៖កោះសន្តិភាព