បណ្តាញសង្គម

គ្រប់គ្រង​ស្ថានការណ៍​បាន​ហើយ ករណី​ផ្ទុះ​ឆេះ​ឃ្លាំង​ស្តុក​គ្រាប់​ធុន​តូច​ធំ ក្នុង​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៣ នៅ​ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ករណីផ្ទុះគ្រាប់ធុនធំតូច បណ្តាលឱ្យឆេះឃ្លាំងស្តុកគ្រាប់ ក្នុងទីបញ្ជាការយោធភូមិភាគទី៣ នៃខេត្តកំពង់ស្ពឺ ពេលនេះសមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍បានហើយ ដោយសមត្ថកិច្ចជំនាញ បានចូល ដើម្បីបាញ់ទឹកពន្លត់អគ្គិសភ័យ ដែលកំពុងតែឆាបឆេះ ហើយឈានទៅគ្រប់គ្រងស្ថានការណ៍ ឱ្យមានលក្ខណៈប្រក្រតីឡើងវិញហើយ នេះបើយោងតាមការឱ្យដឹងពីមន្ត្រីសមត្ថកិច្ចនៅកន្លែងកើតហេតុ ។

សមត្ថកិច្ចប្រាប់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា នៅម៉ោងប្រមាណជា០៤និង៤០នាទីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ស្នូរគ្រាប់បានស្ងប់ស្ងាត់ទៅវិញ (លែងផ្ទុះទៀតហើយ) ក្នុងកិច្ចអន្តរាគមន៍ របស់សមត្ថកិច្ចជំនាញ មានកម្លាំងកងរាជអាវុធហត្ថ នគរបាល និងយោធាអង្គភាព៧១១ ដែលត្រៀមបង្ការ បានសម្រុកចូលទៅចំណុចទីតាំងឃ្លាំងស្តុកគ្រាប់នោះ ដើម្បីធ្វើការបាញ់ទឹកសន្ធាប់ឱ្យភ្លើងរលត់។ ស្របពេលនោះផងដែរមេឃ ក៏បានបង្អុរធ្លាក់ភ្លៀងហាក់បីដូចជាជួយស្រោចស្រព និងបាញ់ពន្លត់ជាមួយសមត្ថកិច្ចផងដែរ ទើបបានគ្រប់គ្រងស្ថានការណ៍បាន ។

ទន្ទឹមនឹងការគ្រប់គ្រងស្ថានការណ៍បាន ប្រភពក៏បានបង្ហើបដែរថា មានមន្ត្រីយោធាយ៉ាងតិច ២០នាក់ បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍នោះ ខណៈដែលពួកគេកំពុងរៀបចំទុកដាក់គ្រាប់ ដែលចល័តមកពីខេត្តកោះកុង និងប្រជាពលរដ្ឋជិតខាងជាច្រើននាក់ រួមទាំងកុមារផងដែរ បានរងរបួស ហើយកំពុងទទួលការសង្គ្រោះពីក្រុមគ្រូពេទ្យ។ ចំនួនអ្នកស្លាប់នេះដែរ នឹងអាចមានការកើនឡើងបន្ថែមទៀត ខណៈដែលសមត្ថកិច្ចគ្រប់គ្រងសភាពការណ៍បានទាំងស្រុង និងកំពុងស្រាវជ្រាវរកអ្នកដែលស្ថិតនៅក្បែរកន្លែងកើតហេតុនោះ ។

សូមបញ្ជាក់ផងដែរថា ឃ្លាំងផ្ទុកគ្រាប់យុទ្ធភណ្ឌ នៅក្នុងទីបញ្ជាការយោធភូមិភាគទី៣ ស្ថិតក្នុងភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានរងការឆាបឆេះ ខណៈគ្រាប់ធុនធំមួយគ្រាប់បានផ្ទុះ និងគ្រាប់ធុនតូចជាច្រើនគ្រាប់ផ្សេងទៀត បានផ្ទុះបន្តបន្ទាប់ ដែលហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅម៉ោងប្រមាណជា០២និង៣០នាទី រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះ ៕

ដកស្រង់ពី៖កោះសន្តិភាព