បណ្តាញសង្គម

មនុស្ស​២០​នាក់​ បាន​ស្លា.ប់​ក្នុង​ការ​ផ្ទុះ​គ្រាប់ ​នៅ​ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ មនុស្ស២០នាក់ បានស្លា.ប់នៅក្នុងការផ្ទុះគ្រាប់ ដ៏លាន់លឺយ៉ាងខ្លាំង នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ នេះបើតាមការផុសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៧ ខែមេសានេះ ដែលបានសម្តែងពីការរន្ធត់ក្តុកក្តួលចំពោះហេតុការណ៍នេះ និងចូលរួមរំលែកទុក្ខដល់គ្រួសារ នៃជនរងគ្រោះ ។

សម្តេចធិបតី បានសរសេរថា “ខ្ញុំមានក្តីរន្ធត់ ក្តុកក្តួលឥតឧបមា ដែលបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្កឱ្យយោធិនចំនួន ២០នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀត បានរបួស” ។

សម្តេចបានបន្ថែមទៀតថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែង នូវសមានទុក្ខសោកស្តាយ ចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ ។ សម្តេចធិបតី បានផ្តល់ការណែនាំដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដើម្បីចាត់ចែងជាបន្ទាន់រៀបចំ ពិធីបុណ្យស.ព ជូនយោធិន ដែលបានពលី ក្នុងឧបទ្ទវហេតុនេះ ឱ្យបានសមរម្យស័ក្តិសម នឹងពលិកម្មរបស់ពួកគាត់ចំពោះជាតិ និងមាតុភូមិ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា នឹងធ្វើជាតំណាងរបស់ខ្ញុំ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ ។ រាជរដ្ឋាភិបាលនឹងទទួលរ៉ាប់រងទាំងស្រុង លើការចំណាយរៀបចំពិធីបុណ្យសពនេះ ។ ជាមួយគ្នានេះ ខ្ញុំសូមផ្តល់ការឧបត្ថម្ភជាថវិកា ជូនគ្រួសារយោធិនពលី ចំនួន ២ម៉ឺនដុល្លារអាមេរិក ក្នុងមួយគ្រួសារសព ហើយចំពោះយោធិន ដែលរងរបួសក្នុងឧបទ្ទវហេតុនេះ ក្នុងម្នាក់ៗចំនួន ២០លានរៀល ។ ខ្ញុំសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់យោធិនពលី បានចាប់បដិសន្ធិ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ និងក៏សូមជូនពរយោធិន និងជនរងគ្រោះទាំងអស់ឆាប់បានជាសះស្បើយ ៕

ដកស្រង់ពី៖កោះសន្តិភាព