បណ្តាញសង្គម

ចោរឆក់​កាបូប​អ្នក​ជិះ​ម៉ូតូ យក​លុយ​បានជាង​20​លានរៀល និង​ប្លា​ទី​ន​3​ជី​

ខេត្តព្រៃវែង ៖ ក្រុមចោរឆក់បានចេញធ្វើសកម្មភាពឆក់ប្លន់ក្រុមអាជីវករដែលកំពុងជិះម៉ូតូនៅតាមដងផ្លូវ បណ្តាលអោយជនរងគ្រោះដួលម៉ូតូរងរបួសយ៉ាងដំណំ ចំណែកក្រុមចោរឆក់យកបាន កាបូបរបស់ជនរងគ្រោះ រួចជិះរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៤០នាទីល្ងាច ថ្ងៃទី២៦មេសា នៅលើកំណាត់ផ្លូវជាតិលេខ១១ ត្រង់ចំណុចមុខរោងម៉ាស៊ីនកិនស្រូវ គុយណេង ស្ថិតនៅភូមិពោរធ៍ចិនដាំ ឃុំស្វាយអន្ទ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

ជនរងគ្រោះមានឈ្មោះ ឆាង វណ្ណា ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិ រកាខ្សុក ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ចំណែកក្រុមចោរ មានគ្នាចំនួន២នាក់ ជិះម៉ូតូ១គ្រឿងមិនស្គាល់ម៉ាក បានរត់គេចខ្លួនបាត់ក្រោយធ្វើសកម្មភាពរួច។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះ យកលុយទៅសងគេ នៅផ្សារស្វាយអន្ទរ តែពេលមកដល់កន្លែងកើតហេតុ ក៏ស្រាប់តែមានចោរ២នាក់ ជិះម៉ូតូ១គ្រឿងតាមមកពីក្រោយ ហើយបានឆក់ទាញយកកាបូបដែលជនរងគ្រោះកំពុងស្ពាយ បណ្តាលអោយជនរងគ្រោះដួលម៉ូតូ បោកក្បាលនិងថ្នល់ និងដាច់រយះក្បាលជង្គង់ខាងស្ដាំ ហើយក្រុមចោរយកបានកាបូបជនរងគ្រោះ រត់គេចខ្លួនបាត់ដោយសុវត្ថិភាព ។

យោងតាមចម្លើយរបស់ជនរងគ្រោះទ្រព្យសម្បត្តិដែលបាត់បង់រួមមានលុយខ្មែរចំនួន២៣លានរៀល និងបន្តោងខ្សែកប្លាទីនទំងន់០៣ជី។

ដកស្រង់ពី៖កោះសន្តិភាព