បណ្តាញសង្គម

នាំ​ខ្លួន​បុគ្គលិក​ចែកចាយ​ថ្នាំលាប​ប្រចាំ​តំបន់ ទៅ​តុលាការ ករណី​កិបកេង​ប្រាក់​ក្រុមហ៊ុន​ជិត​៨​ម៉ឺន​ដុល្លារ

រាជធានីភ្នំពេញ ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បាននាំខ្លួនបុគ្គលិកម្នាក់ ផ្នែកចែកចាយថ្នាំលាបប្រចាំតំបន់ ទៅតុលាការ ពាក់ពន្ធករណីកិបកេងប្រាក់ក្រុមហ៊ុន ប្រមាណជិត ៨ម៉ឺនដុល្លារអាមេ រិក ក្រោមរូបភាព ប្រមូលប្រាក់ពីអតិថិជន រួចហើយ មិនបានបង់ឲ្យក្រុមហ៊ុនទេ ទុកប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ។

ជនសង្ស័យមានឈ្មោះ ម៉េង កោសា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរបុគ្គលិកផ្នែកលក់ដូរ ក្រុមហ៊ុនថ្នាំលាបមួយ។ ជនសង្ស័យមានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិថ្មី ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ ។ អង្គហេតុ នៃនាំខ្លួនជនសង្ស័យទៅតុលាការ សមត្ថកិច្ចបានធ្វើឡើងតាមពាក្យបណ្តឹងរបស់ភាគីខាងក្រុមហ៊ុន ដែលបានចោទប្រកាន់ពីបទ. កិបកេងប្រាក់ក្រុមហ៊ុន ចំនួន ៧៩,៦៨០ដុល្លារអាមេរិក។ ដោយជនសង្ស័យបានចូលបម្រើការងារ ជាបុគ្គលិកក្រុមហ៊ុន តាំងពីខែមេសា ឆ្នាំ២០១៧ ផ្នែកលក់ ប្រចាំតំបន់បី មានខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តកំពងឆ្នាំ ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ។ ជនសង្ស័យមានភារកិច្ច យកថ្នាំលាបគ្រប់ប្រភេទរបស់ក្រុមហ៊ុន ទៅលក់ឲ្យអតិថិជន និងប្រមូលប្រាក់ពីអតិថិជន យកមកប្រគល់ឲ្យក្រុមហ៊ុនវិញ ដែលទទួលបានប្រាក់ខែ ចំនួន៤២០ដុល្លារអាមេរិកក្នុង១ខែ។

ចាប់តាំងពីឆ្នាំ២០១៩ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៣ បំណុលរបស់អតិថិជន បានទិញថ្នាំលាបគ្រប់ប្រភេទ ក្រោមការគ្រប់គ្រងរបស់ឈ្មោះ ម៉េង កោសា មានការកើនឡើង ដូច្នោះក្រុមហ៊ុនមានការសង្ស័យ ក៏បានធ្វើការត្រួតពិនិត្យបញ្ជីរបស់ឈ្មោះ ម៉េង កោសា លទ្ធផលអតិថិជនគេបានបង់រួចរាល់ហើយ សរុបទឹកប្រាក់ ៧៩,៦៨០ដុល្លារអាមេរិក តែជាក់ស្តែងឈ្មោះ ម៉េង កោសា មិនបានយកប្រាក់ទាំងអស់ ទៅបង់ឲ្យក្រុមហ៊ុនទេ ពោលគឺជនសង្ស័យរូបនេះ មានគំនិតទុច្ចរិត បានកិបកេងប្រាក់ក្រុមហ៊ុនទុកយកទៅបម្រើប្រយោជន៍ផ្ទាល់ខ្លួន។

កន្លងមកភាគីខាងក្រុមហ៊ុនក៏បានឲ្យឈ្មោះ ម៉េង កោសា ធ្វើកិច្ចសន្យាសងប្រាក់ជាបន្តបន្ទាប់ ផងដែរ តែមួយរយៈចុងក្រោយនេះ សេដ្ឋកិច្ចពិភពលោកបានធ្វើឲ្យប៉ះពាល់ដល់មុខរបរអ្នករកស៊ី ជនសង្ស័យ ពុំមានលទ្ធភាពរកប្រាក់សងក្រុមហ៊ុន តាមកិច្ចសន្យានោះឡើយ ទើបក្រុមហ៊ុនប្តឹងទៅសមត្ថកិច្ចឲ្យអនុវត្តតាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព