បណ្តាញសង្គម

ដុត​ទៀន​ទុក​ចោល​នៅ​បន្ទប់​ឡៅតឿ ឆាបឆេះ​ក្រណាត់​ខោអាវ​ជជុះ ខូចខាត​ស្ទើរ​ទាំងស្រុង ក្នុង​សង្កាត់​វាលវង់

រាជធានីភ្នំពេញ ៖ គ្រោះអគ្គិភ័យមួយបានកើតឡើងនៅវេលាម៉ោង០៣និង២៥នាទីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ត្រង់ចំណុចផ្ទះលេខ៦៣ អឺ០ហ្សិត ផ្លូវ១០៩ ភូមិ១ ជិតផ្សារសេរីភាព តាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៏មានពីប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុ បានប្រាប់ថា ម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះ មានឈ្មោះ តាំង សូលន់ ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ ។

ប្រភពព័ត៏មានដដែល ប្រាប់បន្តថា នៅវេលាកើតហេតុ មានផ្សែងហុយចេញពីបន្ទប់ជាន់ឡៅតឿ ក្នុងផ្ទះកើតហេតុ ភ្លាមៗ ប្រជាពលរដ្ឋជិតខាង បានរត់ទៅទាញយកបំពង់បង្ការអគ្គិភ័យ ជួយបាញ់អន្តរាគមន៍ពន្លត់ ប៉ុន្ដែមិនរលត់ទេ ដោយសារនៅក្នុង បន្ទប់ម្ចាស់ផ្ទះ ស្តុកនៅក្រណាត់ និងខោអាវជជុះជាច្រើនណែនពេញបន្ទប់ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន សុំហៅរថយន្ត ពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ បន្ថែមទៀត ។ ប្រភពពីប្រជាពលរដ្ឋដដែល បានបន្ថែមទៀតថា ខណៈភ្លើងឆេះភ្លាមៗ ពួកគាត់ឡើងទៅជួយពន្លត់ ឃើញមានទៀនកំពុងឆេះ ដោយពួកគាត់ដាក់ការសន្និដ្ឋានថា អាចបណ្តាលមកពីរលំ ទៀនដែលម្ចាស់ផ្ទះអុជទុកចោលនោះហើយ ។

បន្ទាប់ពីទទួលដំណឹងថា មានករណីអគ្គិភ័យ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានអោយកម្លាំងចេញរថយន្តមកជួយអន្តរាគមន៏បាញ់ពន្លត់ភ្លាមៗ ផងដែរ ។ ប្រតិបត្តិការណ៏ខាងលើ បានប្រើប្រាស់រថយន្តរបស់ការិយាល័យបង្ការ ពន្លត់និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន០៣គ្រឿង បាញ់ពន្លត់រហូតរលត់ជាស្ថាពរ ។ ចំពោះមូលហេតុ សមត្ថកិច្ចបានដាក់ការសន្និដ្ឋានថា បណ្តាលមកពីម្ចាស់ផ្ទះ ដុតទៀនទុកចោល ក្នុងបន្ទប់ឡៅតឿ ទើបបង្កអោយមានការឆាបឆេះបែបនេះ ៕

ដកស្រង់ពី៖កោះសន្តិភាព