បណ្តាញសង្គម

ក្រសួងពាណិជ្ជកម្ម ៖ កម្ចី​អន​ឡាញ​ឈ្មោះ «​កម្ពុជា​កម្ចី​រហ័ស​» ពុំ​ស្របច្បាប់​ទេ

រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសបដិសេធទាំងស្រុង នូវការផ្សព្វផ្សាយរបស់អាជីវកម្មកម្ចីអនឡាញឈ្មោះ «កម្ពុជាកម្ចីរហ័ស» បន្ទាប់ពីមានពលរដ្ឋច្រើនបានចាញ់បោកការផ្សព្វផ្សាយតាមហ្វេសប៊ុករបស់ «កម្ពុជាកម្ចីរហ័ស» ថាមានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម ។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ថា អាជីវកម្មកម្ចីអនឡាញឈ្មោះ «កម្ពុជាកម្ចីរហ័ស» ពុំបានចុះបញ្ជីពាណិជ្ជកម្ម និងពុំមានលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ពីក្រសួងពាណិជ្ជកម្មទេ ។

ជាមួយគ្នានេះ ក្រសួងអំពាវនាវដល់សាធារណជន មេត្តាជ្រាបជាព័ត៌មានជៀសវាងការចាញ់បោក និងមានការខាតបង់ទ្រព្យសម្បត្តិជាយថាហេតុ និងឲ្យម្ចាស់អាជីវកម្មកម្ចីអនឡាញឈ្មោះ «កម្ពុជាកម្ចីរហ័ស» ត្រូវបញ្ឈប់ជាបន្ទាន់ នូវការប្រើប្រាស់រូបសញ្ញា និងអំណះអំណាងពាក់ព័ន្ធក្រសួងពាណិជ្ជកម្ម។

ក្រសួងពាណិជ្ជកម្ម នឹងអនុវត្តវិធានការតាមនីតិវិធីជាធរមាន ចំពោះការផ្សាយបោកប្រាស់ ដែលនាំឲ្យសាធារណជនមានការភាន់ច្រឡំ និងប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់ ក្រសួងពាណិជ្ជកម្ម ៕

ដកស្រង់ពី៖កោះសន្តិភាព