បណ្តាញសង្គម

​កំពុង​រក​មុខ​អ្នក​កា.ច់​បំផ្លាញ​បង្គោល​ភ្លើង​សូ​ឡា​បំភ្លឺ​ដងផ្លូវ​អស់​០៩​ដើម​​ក្នុង​ទឹកដី​ឃុំ​ស្នឹង​​

ខេត្តបាត់ដំបង ៖ បង្គោលភ្លើងសូឡាដែលជាអំណោយរបស់ក្រុមការងារគណបក្សប្រជាជន ដែលដាក់ពង្រាយបំភ្លឺតាមដងផ្លូវយ៉ាងតិច០៩ដើមក្នុងចំណោមជាង១៥០ដើម ត្រូវក្រុមជនអន្ធពាលកាច់បំបាក់វាយកម្ទេចចោល ដែលគេសង្ស័យអាចកើតឡើងនៅវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ មីនា នៅលើដងផ្លូវកៅស៊ូក្នុងចន្លោះទឹកដីភូមិសំបួរមាស ឃុំស្នឹង ដល់ព្រំប្រទល់ទឹកដី ឃុំចែងមានជ័យ ស្រុកបាណន់។

លោក នាង ណាត អនុភូមិសំបួរមាសបានឲ្យដឹងថា បង្គោលភ្លើងសូឡាចំនួន០៩ដើម ត្រូវជនអន្ធពាលកាច់បំបាក់ត្រឹមគល់ រួចវាយកម្ទេចអំពូលចោល ។

បង្គោលភ្លើងដែលរងការខូចខាតភាគច្រើនស្ថិតនៅក្នុងភូមិសាស្ត្រចុងខាងត្បូង នៃភូមិសំបួរមាស លើកំណាត់ផ្លូវឆ្ពោះទៅកាន់ទឹកដី ឃុំចែងមានជ័យ ស្រុកបាណន់។ លោកអនុភូមិបានប្រាប់ថា លោកនិងកម្លាំងប្រជាការពារភូមិ តែងរួមគ្នាចេញល្បាតពេលយប់ នៅតាមដងផ្លូវនោះ ហើយជារឿយៗ តែងប្រទះឃើញក្រុមក្មេងទំនើងនាំគ្នាបង្ហោះម៉ូតូលើដងផ្លូវ ឬ ពេលខ្លះពួកគេប្រមូលផ្ដុំគ្នា ដែលយើងសង្ស័យថា ពួកគេប្រមូលផ្ដុំគ្នាប្រើប្រាសថ្នាំញៀនទៀត ផង។

លោក នាង ណាត បានបញ្ជាក់ថា ការប្រមូលផ្ដុំគ្នា និងការបង្ហោះម៉ូតូរបស់ក្រុមក្មេងទំនើងនេះ ភាគច្រើនពួកគេធ្វើសកម្មភាពចាប់ពីម៉ោង៨យប់ឡើងទៅ។ ព្រោះនៅលើកំណាត់ផ្លូវនោះ មានសភាពស្ថាត់ មិនមានអ្នកភូមិរស់នៅ ហើយមិនសូវមានអ្នកដំណើរឆ្លងកាត់ទៀត។ ប៉ុន្តែនៅពេលលោក និងកម្លាំងប្រជាការពារ ខកខានចេញល្បាតប៉ុន្មានយប់ចិងក្រោយនេះ ស្រាប់តែមានរឿងជនអន្ធពាលលួចកាច់បង្គោលភ្លើងសូឡាបំផ្លាញចោលតែម្ដង។ លោកអនុភូមិបានបញ្ជាក់បន្ថែមដូច្នេះថា «ខ្ញុំសង្ស័យទៅលើក្រុមក្មេងទំនើង ជាអ្នកបំភ្លេចបំផ្លាញបង្គោលសូឡាខាងលើនេះ។ ជាពិសេស ក្រុមក្មេងទំនើង ដែលតែងប្រមូលផ្ដុំគ្នានៅតំបន់នោះ ប្រើប្រាសថ្នាំញៀនតែម្ដង»។

កោះសន្តិភាព មិនអាចទំនាក់ទំនងសុំការបំភ្លឺបន្ថែមពីលោកស្រេង សុខា អភិបាលស្រុកបាណន់បានទេ នៅរសៀលថ្ងៃទី ២៦ មីនា ពាក់ព័ន្ធនឹងជនអន្ធពាលវាយកំទេចបង្គោលសូឡាខាងលើនេះ ដោយសារទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន។ ដោយឡែក លោក សំ វីរៈ អធិការស្រុកបាណន់បានឲ្យដឹងថា កម្លាំងជំនាញរបស់លោក បាននិងកំពុងចុះស៊ើបអង្កេតលើករណីនេះហើយ។ លោក អធិការបានប្រាប់ថា បើតាមការស្រាវជ្រាវបឋម ជនប្រព្រឹត្តអាចមានពីរក្រុម ដែលសុទ្ធសឹងជាក្រុមក្មេងទំនើង ហើយកម្លាំងជំនាញកំពុងធ្វើការយ៉ាងសកម្មលើករណីនេះ។ គួររំលឹកផងដែរចំពោះករណីនេះថា កាលពីឆ្នាំ២០២៣កន្លងទៅ មុនថ្ងៃបោះឆ្នោតអាណត្តិទី០៧ ក៏មានជនអន្ធពាលជិះរថយន្តដើរដកបំផ្លាញចោលនូវទង់ជាតិ និងទង់បក្សនយោបាយ ដែលបំពាក់តាមបង្គោលភ្លើងសូឡានេះផងដែរ នៅតាមដងផ្លូវជាតិលេខ៥៧ ក្នុងទឹកដីឃុំស្នឹង ស្រុកបាណន់។ ប៉ុន្តែសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ហាក់ធ្វើមិនដឹងមិនឮចំពោះការបំភ្លេចបំផ្លាញនេះ ហើយក៏គេមិនដែលឃើញសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានចុះសួរនាំពលរដ្ឋដែលធ្លាប់បានប្រទះឃើញសកម្មភាពជនអន្ធពាលនេះដែរ។ លុះមកដល់ពេលនេះ ក្រុមជនពាលបានឈានដល់ការកាច់បង្គោលភ្លើងសូឡា និងវាយកំទេច អំពូលភ្លើងចោលគ្មានសល់ជាថ្មី នៅលើទឹកដីអាណាចក្រ ឃុំស្នឹងដដែលទៀត។

ជុំវិញករណីជនមិនស្កាល់មុខកាច់បំផ្លាញបង្គោលសូឡា០៩ដើមជាថ្មីខាងលើនេះ បើតាមលោក នាង ណាត អនុភូមិសំបួរមាស បាននិយាយថា បង្គោលភ្លើងសូឡាចំនួន០៩ដើម ដែលត្រូវជនមិនស្គាលមុខកាច់កំទេចចោលនោះ ជាអំណោយរបស់ក្រុមការងារគណៈបក្សប្រជាជនកម្ពុជា ចុះជួយឃុំស្នឹង ជួយឧបត្ថម្ភដើម្បីបំពាក់បំភ្លឺតាមដងផ្លូវ។

លោកអនុភូមិបានបញ្ជាក់ថា កាលនោះក្រុមការងារបក្ស បានជួយឧបត្ថម្ភ បង្គោលភ្លើង និង អំពូលសូឡា សរុបចំនួន១៥៤ដើម ដាក់ពង្រាយនៅតាមដងផ្លូវពីទឹកដីឃុំស្នឹង ដល់ព្រំប្រទល់ ទឹកដីឃុំចែងមានជ័យ ស្រុកបាណន់ និង មួយចំនួនបំពាក់តាមផ្លូវចូលក្នុងភូមិសំបួរមាស ។

លោកបន្ថែមថា បង្គោលភ្លើងសូឡាទាំងនេះ បានបំពាក់តាមដងផ្លូវនានា ចាប់តាំងពីអំឡុងឆ្នាំ២០២៣ មុនពេលបោះឆ្នាំ តែពេលនេះត្រូវជនអន្ធពាលកាច់បំបាក់ វាយអំពូលកំទេចចោលយ៉ាងព្រហើនបំផុត។ ហើយលោករំពឹងថា ក្រោយធ្វើការស្រាវជ្រាវ សមត្ថកិច្ចនឹងអាចវែកមុខជនប្រព្រឹត្តយកទៅផ្តន្ទាទោសជាមិនខាន៕

ដកស្រង់ពី៖កោះសន្តិភាព