បណ្តាញសង្គម

ចាប់បាន​​ក្រុម​ចោរ​ដៃ​ស្អិត​​៥​នាក់ ​ក្រោយធ្វើ​សកម្មភាព​​ឆ.ក់​​យ៉ាងគគ្លើនទាំងព្រឹក​

ខេត្តបាត់ដំបង ៖ ក្រុមចោរដៃស្អិត (ចោរឆក់) ដែលមានបក្សពួកចំនួន០៥នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្ត ធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២៣ មីនា នៅចំណុចភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ក្រោយពួកគេធ្វើសកម្មភាពឆក់កាបូបស្ត្រីម្នាក់បានសម្រេចនៅពេលព្រឹក។

តាមរយៈរបាយការណ៍ការ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា ក្រុមចោរដៃស្អិតទាំង០៥នាក់នោះ មាន ១-ឈ្មោះ បូរ៉ា សុវណ្ណា ហៅ វ៉ាន់ អាយុ៣០ឆ្នាំ (អ្នកឌុបធ្វើសកម្មភាព) ២-ឈ្មោះ អ៊ុន សុភាព អាយុ២៧ឆ្នាំ (អ្នកធ្វើសកម្មភាពឆក់) ៣-ឈ្មោះ ខុស រតនា ហៅ ប៉ោង អាយុ៣៣ឆ្នាំ ៤-ឈ្មោះ រ័ត្ន ដារ៉ូ អាយុ៣៣ឆ្នាំ និង៥-ឈ្មោះ ឈិន ជីវ័ន្ត អាយុ២៥ឆ្នាំ (ពួកគេ០៣នាក់នេះ ជាអ្នកយកទូរស័ព្ទដែលឆក់បានយកទៅលក់) ។

លោក ឈឿង គឹមសុង ស្នងការរងទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា ក្រុមជនសង្ស័យទាំង០៥នាក់នេះ ត្រូវបានកម្លាំងជំនាញធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនបានជាបន្តបន្ទាប់ទាំងកណ្ដាលយប់ ក្រោយពីពួកគេរួមគំនិតគ្នាប្រព្រឹត្តអំពើចោរកម្ម«ឆក់កាបូប» អ្នកដំណើរនៅពេលព្រឹក នៃថ្ងៃកើតហេតុ។ លោកបានបញ្ជាក់ថា ក្នុងចំណោមជនទាំង០៥នាក់នេះ មាន០២នាក់ជិះម៉ូតូធ្វើសកម្មភាពផ្ទាល់ រីឯ០៣នាក់ទៀតជាអ្នកយកផលចោរកម្ម (ទូរស័ព្ទ) ទៅលក់ តែត្រូវបានដកហូតយកមកវិញ។

លោក ឈឿង គឹមសុង បានបញ្ជាក់ថា បើតាមការស្រាវជ្រាវសាវតាក្រុមជនសង្ស័យនេះ មាន០២នាក់ ដែលជិះធ្វើសកម្មភាពផ្ទាល់ធ្លាប់មានប្រវត្តិជាប់គុកដោយសារប្រព្រឹត្តអំពើ«ចោរកម្ម» មិនព្រមរាងចាល។ នៅចំពោះសមត្ថកិច្ច ជនដៃដល់ឈ្មោះ បូរ៉ា សុវណ្ណា ហៅ វ៉ាន់ ធ្លាប់ជាប់គុកចំនួន០៤ដង រាប់ទាំងលើកនេះម្ដងទៀតចំនួន០៥ដង។ ដោយឡែក ឈ្មោះ អ៊ុន សុភាព ធ្លាប់ជាប់គុកចំនួន០២ដង រាប់ទាំងលើកនេះម្ដងទៀតគឺចំនួន០៣ដងហើយ តែពួកគេមិនព្រមរាងចាលឡើយ ពេលចេញពីគុក ពួកគេនៅតែចាប់យកអាជីពធ្វើចោរដដែល»។ សូមបញ្ជាក់ថា កាលពីវេលាម៉ោង៥ និង៤៥នាទីព្រឹកថ្ងៃទី ២៣ មីនា ជនដៃដល់០២នាក់ បានជិះម៉ូតូម៉ាកស្កុពីតាម «ឆក់យកកាបូប» ពីស្ត្រីម្នាក់ត្រង់ចំណុចភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ពេលគាត់កំពុងជិះម៉ូតូតាមផ្លូវ។ ជនរងគ្រោះឈ្មោះ ហៃ ជូ ស្រីអាយុ៦២ឆ្នាំ រស់នៅភូមិអួរចា សង្កាត់អូរចា ក្រុងបាត់ដំបង។

ជនរងគ្រោះត្រូវជនដៃដល់«ឆកយកកាបូប» ស្ពាយបានសម្រេច រួចក្រុមចោរបានជិះម៉ូយូគេចខ្លួនបាត់ស្រមោលភ្លាមៗតែម្ដង។ បើតាមជនរងគ្រោះបានប្រាប់ថា ទ្រព្យសម្បត្តិ ដែលបាត់ទៅជាមួយកាបូបស្ពាយនោះមាន ប្រាក់ខ្មែរចំនួន៦០ម៉ឺនរៀល និងទូរស័ព្ទចំនួន០២គ្រឿង។

លោក ឈឿង គឹមសុង បានប្រាប់ថា នៅពេលចាប់ខ្លួន សមត្ថកិច្ចដកហូតបានមកវិញតែទូរស័ព្ទ០២គ្រឿង និង កាបូប តែប្រាក់របស់ជនរងគ្រោះ ត្រូវក្រុមជនដៃដល់ចែកគ្នាចាយអស់គ្មានសល់មួយសេនទេ។ ពេលនេះ លោកស្នងការ បានបញ្ជាឲ្យប្រគល់វត្ថុតាងដែលដកហូតបានជូនជនរងគ្រោះវិញ រីឯជនសង្ស័យ មន្ត្រីជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព