បណ្តាញសង្គម

ករណី​​​​ឆ.ក់​កាបូប​ស្ត្រី​ម្នាក់​បាន​សម្រេច ​សមត្ថ​កិច្ច​​​បាន​ត្រឹម​មើ​ល​ចោរ​ក្នុង​កាមេរ៉ា​សុវត្ថិភាព

ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ត្រូវចោរជិះម៉ូតូតាម«ឆក់យកកាបូបលុយ និងទូរស័ព្ទ» បានសម្រេចទាំងព្រឹក ពេលគាត់កំពុងជិះម៉ូតូតាមដងផ្លូវ កាលពីវេលាម៉ោងជាង៥ព្រឹកថ្ងៃទី២៣ មីនា ត្រង់ចំណុចភូមិដំណាក់ហ្លូង សង្កាត់វត្តគរ ក្រុងបាត់ដំបង រីឯសមត្ថកិច្ចបានត្រិមឆែកពិនិត្យមើលសកម្មភាពចោរ ក្នុងកាមេរ៉ាសុវត្ថិភាពដូចមុនៗតែប៉ុណ្ណោះ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវក្រុមចោរជិះដេញតាមឆក់យកកាបូបលុយនោះ ឈ្មោះ ហៃ ជូ ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ជិះម៉ូតូម៉ាកស្គូពី ។

ដោយឡែក ជនដៃដល់មានគ្នាពីរនាក់ ជិះម៉ូតូម៉ាកស្គូពីដែរ ហើយបានជិះតាមពីក្រោយជនរងគ្រោះ រហូតដល់ចំណុចខាងលើ ក៏លូកដៃ «ឆក់» យកកាបូបគាត់ រួចជិះគេចខ្លួនចូលក្រុង បានស្ងាត់ឈឹងភ្លាមរំពេច បានត្រឹមបន្សល់ទុកនូវសកម្មភាព«ឆក់» ជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាព ដែលប្រជាពលរដ្ឋបំពាក់នៅតាមដងផ្លូវ។ នៅក្នុងកាមេរ៉ាសុវត្ថិភាព គេពិនិត្យឃើញសកម្មភាពក្រោមចោរ បានជិះម៉ូតូតាមពីក្រោយស្ត្រីរងគ្រោះ ដែលទំនងជនរងគ្រោះមិនបានចាប់អារម្មណ៍ទេ។ ពេលដល់ចំណុចកើតហេតុ ស្រាប់តែគេឃើញក្រុមចោរបានបន្ថែមល្បឿនម៉ូតូបន្តិច។

លុះជិះទន្ទឹមនឹងជនរងគ្រោះ ជនដៃដល់ក៏លូកដៃ «ឆក់យកកាបូប» បានសម្រេច រួចបន្ថែមល្បឿនកាន់តែលឿនឆ្ពោះចូលកក្នុងក្រុងបាត់ភ្លាមតែម្ដង។ បើតាមក្រុមគ្រួសារជនរងគ្រោះបានប្រាប់ថា ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះទើបបានប៉ុន្មាន រយៈម៉ែត្រប៉ុណ្ណោះ។ គេអាចសន្និដ្ឋានបានថា ទំនងក្រុមចោរបានជិះតាមជនរងគ្រោះ ចាប់តាំងពីជនរងគ្រោះជិះចេញពីផ្ទះម្លេះ លុះជិះតាមដល់ចំណុចខាងលើ ទើបធ្វើសកម្មភាព«ឆក់»តែម្ដង។ ក្រុមគ្រួសារបានប្រាប់ថា ជនរងគ្រោះបានបាត់អស់ប្រាក់ចំនួន៦០ម៉ឺនរៀល និងទូរស័ព្ទចំនួន០២ គ្រឿង ម៉ាកសាំសុង និងម៉ាកសូនី ដែលទុករួមគ្នានៅក្នុងកាបូបរបស់គាត់។ សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២២ មីនា ក្រុមចោរញីឈ្មោលចំនួន០២នាក់ បានធ្វើសកម្មភាពបន្លំចូលលួចយកលុយអស់ចំនួនជាង៦ពាន់ដុល្លាអាមេរិក នៅក្នុងផ្ទះវេលលុយ«ទ្រូម៉ានី»មួយកន្លែង នៅភូមិនំក្រៀប សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ដោយក្រុមចោរនេះបន្សល់ទុកតែសកម្មភាពប្រព្រឹត្តបទល្មើសប៉ុណ្ណោះ នៅក្នុងកាមេរ៉ាសុវត្ថិភាព ដូចករណីឆក់ខាងលើនេះដែរ។

សមត្ថកិច្ចបានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីសាកសួរជនរងគ្រោះ តែរហូតដល់ពេលនេះនៅគ្មានតម្រុយពីមុខសញ្ញាចោរញីឈ្មោលនេះដដែល។ រីឯមុខសញ្ញាក្រុមចោរធ្វើសកម្មភាព«ឆក់ កាបូប» ខាងលើនេះ ក៏មិនខុសគ្នាដែរ សមត្ថកិច្ចបានត្រិមចុះពិនិត្យមើលសកម្មភាពក្រុមចោរ តែការកំណត់នូវមុខសញ្ញាសារ៉ូ….. បានត្រិមតែប្រើពាក្យថា «កំពុងធ្វើការស្រាវជ្រាវ» ដូចករណីមុនៗដដែល៕

ដកស្រង់ពី៖កោះសន្តិភាព