បណ្តាញសង្គម

នគរបាល​ខេត្ត​ត្បូងឃ្មុំ បង្ក្រាប​ទីតាំង​ជល់​មាន់ ១​កន្លែង ឃាត់ខ្លួន​មនុស្ស​៥​នាក់ បញ្ជូន​ទៅ​តុលាការ

ខេត្តត្បូងឃ្មុំ ៖ កម្លាំងនគរបាលខេត្តត្បូងឃ្មុំ ចុះបង្ក្រាបទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) មួយកន្លែង ឃាត់ខ្លួនមនុស្ស ៥នាក់ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ។

ការចុះបង្ក្រាបទីតាំងលួចលេងល្បែងជល់មាន់នេះ ធ្វើឡើងកាលពីវេលាម៉ោង១៣និង៣០នាទីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានប្រើប្រាស់វិធានការជំនាញ ស្រាវជ្រាវបង្ក្រាបទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) ចំនួន១កនែ្លង នៅក្នុងភូមិសាស្ត្រស្មុគស្មាញ ស្ថិតនៅចំណុចចំការកៅស៊ូទុកចោល ស្ថិតនៅភូមិថ្មដាប់ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយឃាត់ខ្លួនបានអ្នកលេងចំនួន០៥នាក់ រួមនឹងវត្ថុតាងមាន់៣ក្បាល (ងាប់) និងសម្ភារមួយចំនួនទៀត ។ ចំពោះមនុស្សទាំង៥នាក់ និងវត្ថុតាងខាងលើសមត្ថកិច្ច បានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។

បើតាមលោក ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ត្រូវលុបបំបាត់ល្បែងជល់មាន់ ក្នុងដែនសមត្ថកិច្ចខេត្តត្បូងឃ្មុំអោយអស់ ។ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាសហការផ្តល់ព័ត៌មានពាក់ព័ន្ធ ការលួចលេងល្បែងស៊ីសងខុសច្បាប់ ឬការសំណូមពរផ្សេងៗ ដល់សមត្ថកិច្ច តាមលេខទូរសព្ទ ០៧១ ៤៤២២ ៦៦៦ លេខប្រចាំបញ្ជា ២៤/២៤ម៉ោង ឬផេកផ្លូវការ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីកម្លាំងជំនាញបន្តបង្ក្រាប (យើងខ្ញុំសូមរក្សាការសម្ងាត់ជូន) ៕

ដកស្រង់ពី៖កោះសន្តិភាព