បណ្តាញសង្គម

ពលរដ្ឋ​ដុត​សំរាម​ក្បែរ​ផ្ទះ ឆេះ​រាលដាល​ព្រៃ​ភ្នំ ផ្អើល​កម្លាំង​នគរបាល​ ចុះ​មក​ជួយ​ពន្លត់ភ្លើង

ខេត្តប៉ៃលិន ៖ បន្ទាប់ពីមានអណ្តាតភ្លើង ឆាបឆេះចេញពីលើកូនភ្នំ ក្បែរផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យម្នាក់ៗ រត់ឆ្លេឆ្លាចុះឡើងៗ ដោយអ្នកខ្លះរកមើលមែកឈើ ខ្លះទៀតរកទឹកធុង ក៏មានអ្នកខ្លះទាក់ទងទៅមន្ត្រីនគរបាលមូលដ្ឋាន ឱ្យហៅរថយន្តពន្លត់អគ្គិភ័យ ចុះមកជួយអន្តរាគមន៍ ពន្លត់ភ្លើង ព្រោះតែឆេះកាន់តែខិតជិតផ្ទះប្រជាពលរដ្ឋ ។

ហេតុការណ៍ខាងលើនេះ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ នៅត្រង់ចំណុចផែស្ងួតចាស់ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

បើតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលប៉ុស្តិ៍ស្ទឹងកាច់ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋរស់នៅក្បែរៗ ភូមិខាងលើ បានដុតសំរាម ដែលគេយកទៅបោះចោល ដោយមានថង់ សំបកដូង សំបកការ៉ុងជាច្រើន។ ក្រោយពីដុតរួច មិនបានពន្លត់ឱ្យអស់ទេ ស្រាប់តែភ្លើងឆេះរាលដាល រហូតដល់ឆេះឡើងលើកំពូលកូនភ្នំ ហើយក៏បន្តរាលឆ្ពោះទៅទិសខាងលិច ជិតដល់ផ្ទះប្រជាពលរដ្ឋ ដែលធ្វើឱ្យម្នាក់ៗ ភ័យស្លន់ស្លោយ៉ាងខ្លាំង ។

ប្រភពបន្តទៀតថា ក្រោយពីទទួលបានដំណឹងនេះភ្លាម មន្ត្រីនគរបាលមូលដ្ឋាន បានទាក់ទងទៅខាងរថយន្តពន្លត់អគ្គិភ័យ ឱ្យចុះទៅជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ ដោយប្រើរថយន្ត១គ្រឿង ហើយក៏មានក្រុមការងារ ចុះទៅជួយពន្លត់ទាន់ពេលវេលា មិនបានឆាបឆេះដល់ផ្ទះប្រជាពលរដ្ឋ នោះទេ ។ ចំណែកប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើ ដែលមានផ្ទះនៅក្បែរៗជើងភ្នំ ក៏បានឱ្យដឹងដែរថា ដោយសារតែនៅដើមខែមីនា ឆ្នាំ២០២៤នេះ អាកាសធាតុក្តៅខ្លាំង ហើយហប់ខ្យល់ លុះមានអ្នកបានដុតសំរាមនៅក្បែរៗនោះ ភ្លេចពន្លត់ចោលទៀត ទើបឆេះរាលដាលបែបនេះ។

ទោះបីជាយ៉ាងណា ដោយសារតែរដូវប្រាំងនេះ ស្មៅងាប់នៅលើភ្នំច្រើន ខណៈពួកគាត់រស់នៅក្បែរជើងភ្នំ ហើយបានចាក់សោផ្ទះទុកចោល ព្រោះជាប់រវល់ទៅធ្វើការងារនៅខាងក្រៅ ទើបមានការព្រួយបារម្ភ ក្រែងភ្លើងឆេះផ្ទះរបស់ខ្លួន ផងដែរ ។ អាជ្ញាធរមូលដ្ឋាន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យរស់នៅក្បែរៗជើងភ្នំ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវពន្លត់ភ្លើងធូប ទៀន ឬភ្លើងចង្ក្រានឱ្យបានរួចរាល់ ជាមុនសិន ចាំនាំគ្នាចេញទៅធ្វើការងារ ដើម្បីជៀសវាងបង្កករណីគ្រោះថ្នាក់អគ្គិភ័យឆាបឆេះលំនៅឋានរបស់ខ្លួន ជាយថាហេតុ ៕

ដកស្រង់ពី៖កោះសន្តិភាព