បណ្តាញសង្គម

​​ប្តី-​ប្រពន្ធ​ប៉ុនប៉ង​​នាំ​គ្រឿ​.​ង​.​ញៀ​.​ន​.​ជាង​២​គីឡូ​ចេញ​​​ក្រៅប្រទេស តែ​​​បរាជ័យ

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី៦ មីនា ឆ្នាំ២០២៤ បានរៀបចំសំណុំរឿងបញ្ជូនជនជាតិកូរ៉េ២នាក់ប្តីប្រពន្ធទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនស្ថាប័នអយ្យការសម្រាប់បើកការស៊ើបសួរ និងធ្វើការចោទប្រកាន់ជាផ្លូវការ និងសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះដោយរង់ចាំកាត់ទោសទៅតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីដឹកជញ្ជូនគ្រឿងញៀនជាង២ គីឡូក្រាមប៉ុនប៉ងចេញពីកម្ពុជាទៅប្រទេសកូរ៉េខាងត្បូង ។

ជនសង្ស័យខាងលើ ម្នាក់ឈ្មោះ Kim jangeun ភេទប្រុស (ប្ដី) និងម្នាក់ឈ្មោះ Lee hyeran ភេទស្រី ជា(ប្រពន្ធ) ពួកគាត់ជាជនជាតិកូរ៉េ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ មន្ត្រីសមត្ថកិច្ចគយ និងរដ្ឋាករប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានសហការជាមួយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រួលពីឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនអ្នកដំណើរចំនួន២នាក់ ប៉ុនប៉ងដឹកជញ្ជូនគ្រឿងញៀន តាមជើងយន្តហោះពីកម្ពុជាទៅកាន់ប្រទេសកូរ៉េខាងត្បូង ។

ជនសង្ស័យទាំង២នាក់ជាប្តីប្រពន្ធ បានវេចខ្ចប់គ្រឿងញៀនដាក់ភ្ជាប់ជាមួយប្រដាប់ក្រវ៉ាត់ចង្កេះដោយមានបំណងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង ហើយត្រូវឆ្លងកាត់ច្រកចេញ-ចូល«កន្លែងត្រួតពិនិត្យ»របស់សមត្ថកិច្ចព្រលានយន្តហោះ មុននិងចេញដំណើរទៅប្រទេសណាមួយ ខណៈពេលនោះ«ម៉ាស៊ីនស្កែន»បានរកឃើញពួកគាត់លាក់ទុកគ្រឿងញៀនដោយខុសច្បាប់ជាប់នៅលើដងខ្លួនម្នាក់មួយកញ្ចប់ ទើបត្រូវបានមន្ត្រីគយ និងរដ្ឋាករប្រចាំការទីនោះឃាត់ខ្លួនភ្លាម ។

ក្រោយពេលឃាត់ខ្លួនប្តីប្រពន្ធ២នាក់ ដោយបានរកឃើញនូវសារធាតុញៀន មន្ត្រីគយ និងរដ្ឋាករ បានជូន ដំណឹងទៅសមត្តកិច្ចនគរបាលជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿង ដើម្បីសហការ និងបន្តនីតិវិធី ។

លទ្ធផលចាប់យវត្ថុតាងសារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់១២៩០.៧៩ក្រាម (ជាង១គីឡូក្រាម) លាក់នៅចង្កេះប្ដី និងសារធាតុញៀនប្រភេទកេតាមីន (Ketamine) ទម្ងន់ ៩៨៧.៤២ក្រាម (ជិត១គីឡូក្រាម)លាក់នៅចង្កេះប្រពន្ធ ដែលសរុបរួមមានទម្ងន់ ២២៧៩.២១ ក្រាម (ជាង២គីឡូក្រាម) ។

ដោយយោងទៅលើការបង្ក្រាបបទល្មើសជាក់ស្តែង និងចម្លើយសារភាពរបស់ជនសង្ស័យ មន្ត្រីគយ និងរដ្ឋាករប្រចាំការនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានប្រគល់ជនសង្ស័យ និងវត្ថុតាង ឲ្យទៅសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព