បណ្តាញសង្គម

ឆក់​កាបូប មិន​បាន​សម្រេច នៅ​មុខ​នគរបាល​ព្រហ្មទណ្ឌ កំពុង​ល្បាត ប្រដេញ​ចាប់​បាន​ម្នាក់

រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យ បានចុះល្បាតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ។

នៅពេលល្បាតតាមផ្លូវលេខ១៦៩ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីវេលាម៉ោង២២និង២៥នាទីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ក៏បានប្រទះឃើញជនសង្ស័យ ជិះម៉ូតូចំនួន០២គ្រឿង មានគ្នាចំនួន០៣នាក់ បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីបុរសរងគ្រោះម្នាក់ ដែលកំពុងជិះម៉ូតូ ប៉ុន្តែមិនបានសម្រេចទេ ភ្លាមៗនោះ កម្លាំងជំនាញការិយាល័យ ធ្វើការប្រដេញ និងសហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ នៅចំណុចក្នុងអាគារបុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅវេលាម៉ោង២២និង៤០នាទីថ្ងៃដដែល ។

ជនសង្ស័យ ដែលត្រូវឃាត់ខ្លួនមានឈ្មោះ ឡុង ជីវសារិទ្ធ ហៅឡុង សម្បត្តិ អាយុ៣៥ឆ្នាំ មុខរបរអ្នកវេរលុយ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ (អ្នកបិទគូទ) ។ រីឯបក្ខពួក ឈ្មោះ គោ នឹងឈ្មោះ ស ដែលជាជនដៃដល់ បានបើកម៉ូតូ រត់គេចខ្លួនបាត់ ។

សម្ភារៈ ដែលកម្លាំងជំនាញដកហូត ៖ ម៉ូតូហុងដាបីត ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JW-3135 (របស់ជនសង្ស័យ) ។ បច្ចុប្បន្ន កម្លាំងជំនាញបាននាំជនសង្ស័យខាងលើ បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តរតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព