បណ្តាញសង្គម

ឆ្មក់​បង្ក្រាប​ខារ៉ាអូខេ «​ជី​ន​ឌា​ន​ហ្ស៊ី​យី​» ឃាត់ខ្លួន​មនុស្ស​ជិត​៩០​នាក់ និង​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ ក្នុង​ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ កម្លាំងនគរបាលខេត្ដព្រះសីហនុ បានបើកប្រតិបត្ដិការ ឆ្មក់ចូលបង្ក្រាបទីតាំងខារ៉ាអូខេ មួយកន្លែង មានយីហោ «ជីនឌានហ្ស៊ីយី» ស្ថិតនៅក្រុម២ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ពាក់ព័ន្ធជួញដូររក្សាទុកសម្រួលឲ្យប្រើប្រាស់ កែច្នៃដោយខុសច្បាប់ នូវសារធាតុញៀន ឃាត់មនុស្សចំនួន ៨៧នាក់ (ស្រី៤៣នាក់) និងដកហូតថ្នាំញៀន ព្រមទាំងវត្ថុតាងមួយចំនួនធំ ។

ការចុះប្រតិបត្ដិការបង្ក្រាប នៅទីតាំងខារ៉ាអូខេ «ជីនឌានហ្ស៊ីយី» ខាងលើនេះ ក្រោមការបញ្ជាផ្ទាល់ពីឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្ដព្រះសីហនុ ព្រមទាំងមានការសម្របសម្រួល ពីតំណាងអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ ។

យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្ដព្រះសីហនុ បានឲ្យដឹងថា កាលវេលាម៉ោង០១និង៤៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងផែនសន្តិសុខផ្ទៃក្នុង បានឆ្មក់ចូលបង្ក្រាបទីតាំងខារ៉ាអូខេ «ជីនឌានហ្ស៊ីយីម៉ៃទូ» (KTV &BAR) ១ទីតាំង ស្ថិតនៅក្រុម២ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ពាក់ព័ន្ធជួញដូររក្សាទុក សម្រួលឲ្យប្រើប្រាស់ កែច្នៃដោយខុសច្បាប់នូវសារធាតុញៀន ឃាត់មនុស្សចំនួន ៨៧នាក់ ស្រី៤៣នាក់ ។

វត្ថុតាងចាប់យក រួមមាន ៖

-ម្សៅសថ្លា សង្ស័យសារធាតុញៀន១១កញ្ចប់ -ម្សៅក្រាម ពណ៌ស សង្ស័យសារធាតុញៀន៧ដប

-ដុំក្រាម ពណ៌ស សង្ស័យសារធាតុញៀន២កញ្ចប់

-ថ្នាំគ្រាប់ សញ្ញា WY សង្ស័យសារធាតុញៀន ១គ្រាប់

-សារធាតុរាវ (ទឹក) សង្ស័យសារធាតុញៀន៣៥ដប

-ថ្នាំគ្រាប់ ពណ៌ផ្ទៃមេឃ និងពណ៌លឿង សង្ស័យសារធាតុញៀន៥ចំណិត

-កញ្ចប់ចម្រុះពណ៌ សង្ស័យសារធាតុញៀន១០កញ្ចប់

-រុក្ខជាតិញៀន (កញ្ឆាក្រៀម) ២កញ្ចប់

-ឧស្ម័នណាយទ្រីអុកសៃ (Nitrous oxide) បញ្ចូលក្នុងប៉េងប៉ោង៣បំពង

-ឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួន -ដបកែច្នៃ សម្រាប់ប្រើប្រាស់គ្រឿងញៀន៦ដប

-ជញ្ជីងសម្រាប់ថ្លឹង គ្រឿងញៀន ៦គ្រឿង -សារធាតុផ្សំ (មិនច្បាស់) មួយចំនួន

-សម្ភារសម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន -ជ្រុញសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន

-លិខិតឆ្លងដែន៥ក្បាល និងកាតរឹងមួយចំនួន ។

បច្ចុប្បន្ន សមត្ថកិច្ចសាកសួរ ស្រាវជ្រាវបន្ត តាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព