បណ្តាញសង្គម

អាវុធហត្ថ​រាជធានី​ភ្នំពេញ​ បញ្ជូន​ជនសង្ស័យ​៣​នាក់​ ទៅ​តុលាការ ពាក់ព័ន្ធ​លួចសម្ភារៈ​ និង​ប្រើប្រាស់​គ្រឿងញៀ.ន

រាជធានីភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

យោងតាមកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអោយដឹងថា កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ ជនសង្ស័យចំនួន០៣នាក់ បានចូលលួចខ្សែភ្លើងកាមេរ៉ា និងសម្ភារផ្សេងៗទៀត នៅចំណុចក្បែរផ្ទះលេខ៦តេ ផ្លូវ២៨៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បន្ទាប់ពីទទួលបានបណ្តឹងផ្ទាល់មាត់របស់ជនរងគ្រោះ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានចុះដល់ទីតាំងកើតហេតុ ដើម្បីស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន បានជនសង្ស័យចំនួន០៣នាក់ និងចាប់យកវត្ថុតាង ៖ ម៉ូតូកង់បីពណ៌ក្រហមសម្រាប់ជិះធ្វើសកម្មភាព ០១គ្រឿង រួមនឹងសម្ភារមួយចំនួនទៀត ។ ជនទាំង០៣នាក់ រួមមាន ៖ ១-ឈ្មោះ ផា សុភ័ក្ត្រ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរ រត់ផាស់អាប់, ២-ឈ្មោះ គីម លឹម ហៅ លី ភេទប្រុស អាយុ៣២ឆ្នាំ, ៣-ឈ្មោះ ចាន់ ធីម ភេទប្រុស អាយុ២២ឆ្នាំ ។

ក្រោយពេលស្តាប់ចម្លើយជនសង្ស័យទាំង០៣នាក់ បានសារភាពឲ្យដឹងដូចគ្នាថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចយកសម្ភារនៅទីតាំងខាងលើពិតប្រាកដមែន និងជាមុខសញ្ញាធ្លាប់លួចជាច្រើនលើកថែមទៀតផង ហើយពួកខ្លួនក៏ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនយ៉ាងសកម្មផងដែរ ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព