បណ្តាញសង្គម

ខ្មាន់កាំភ្លើង​២​នាក់ ចូល​បា.ញ់​ជន​រង​គ្រោះ​ដល់​ក្នុងផ្ទះ រង​របួស​៣​នាក់ នៅ​ក្រុង​ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ គ្រួសារមួយដែលកំពុងហូបបាយជួបជុំគ្នា ស្រាប់តែមានខ្មាន់កាំភ្លើងមិនស្គាល់មុខ២នាក់ ដោយម្នាក់ជិះម៉ូតូមួយគ្រឿង មកឈប់មុខផ្ទះជនរងគ្រោះ ម្នាក់ទៀតបានចុះដើរចូល ហើយដកកាំភ្លើងខ្លីបាញ់ប្រហារប្រមាណជា៦គ្រាប់ បណ្ដាលឲ្យរងរបួសចំនួន ៣នាក់ (ប្តីប្រពន្ធ និងម្តាយ) ក្រោយធ្វើសកម្មភាពភ្លាមៗ ក្រុមជនសង្ស័យនាំគ្នាជិះគេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍បាញ់ប្រហារនេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ១៩និង០០នាទីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវកៅស៊ូ១ខ្សែ ក្នុងភូមិបណ្ដុះសណ្ដែក សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ សមត្ថកិច្ចបានអោយដឹងជាបឋមថា ករណីនេះសង្ស័យបណ្តាលមកពីរឿងគំនុំ។

ទោះជាយ៉ាងណា នៅពេលនេះកម្លាំងសមត្ថកិច្ច បាននិងកំពុងធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកចាប់ជនដៃដល់ ផងដែរ ។ សមត្ថកិច្ចបានបន្តថា ចំពោះជនរងគ្រោះចំនួន ៣នាក់ ដែលរងរបួស ត្រូវបានបញ្ជូនទៅមន្ទីពេទ្យបង្អែកសំពៅមាស រួមមាន ៖ ទី១. ឈ្មោះ ទិត្យ កុសល ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករទិញលក់ត្រី (ប្តី) រងរបួសកំពុងសម្រាកព្យាបាល។

ទី២. ឈ្មោះ ជា វួចហេង ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ (ប្រពន្ធ) រងរបួសធ្ងន់កំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់ ។ និងទី៣. ឈ្មោះ ជា ណៃហួយ ភេទស្រី អាយុ៦១ឆ្នាំ ជនជាតិខ្មែរ (ម្តាយ) រងរបួសកំពុងសម្រាកព្យាបាល ។

យោងតាមវីដេអូចំនួន២ឃ្លីប ដែលថតចេញពីកាមេរ៉ាសុវត្ថិភាព បានបង្ហាញថា មុនពេលកើតហេតុ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ចំនួន០២នាក់ បានជិះម៉ូតូមួយគ្រឿង មកឈប់នៅពីមុខផ្ទះជនរងគ្រោះ រួចមានជនសង្ស័យម្នាក់ដែលមានពាក់មួកការពារសុវត្ថិភាព ក្នុងចំណោម០២នោះ មានម្នាក់បានចុះពីលើម៉ូតូរួចរុញទ្វាររបង ដើរចូលក្នុងផ្ទះជនរងគ្រោះ ដោយមានកាន់ថង់អ្វីមួយយកទៅដាក់លើតុបាយ ប្រគល់ទៅឲ្យជនរងគ្រោះជាប្តី ខណៈកំពុងអង្គុយហូបបាយជុំគ្រួសារនៅក្នុងផ្ទះ។ បន្ទាប់ពីនិយាយគ្នាបានបន្ដិច ស្រាប់តែជនសង្ស័យរូបនោះ បានយកថង់នោះត្រឡប់មកវិញ រួចដើរចេញបាន២-៣ជំហានប៉ុណ្ណោះ ក៏ទាញកាំភ្លើងខ្លីចេញមកបាញ់ប្រមាណ៦គ្រាប់ ដែលបណ្ដាលឲ្យជនរងគ្រោះចំនួន០៣នាក់រងរបួសធ្ងន់ធ្ងរ ។

ក្រោយពីធ្វើសកម្មភាពបាញ់ប្រហាររួចជនសង្ស័យរូបនោះ ក៏បានប្រញាប់ប្រញាល់រត់ឡើងម៉ូតូដែលបក្ខពួកខ្លួម កំពុងឈប់ចាំនៅពីមុខផ្ទះនោះ រួចជិះគេចខ្លួនបាត់ស្រមោល តែម្ដង ។ យ៉ាងណាមិញ បន្ទាប់ពីកើតហេតុការណ៍ភ្លាមៗ កម្លាំងសមត្ថកិច្ចក្នុងមូលដ្ឋាន បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ និងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកសំពៅមាស ដើម្បីសង្គ្រោះបន្ទាន់ ។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវកំណត់អត្តសញ្ញាណក្រុមជនសង្ស័យហើយ។ ចំពោះព័ត៌មានលម្អិតយ៉ាងណានោះ កោះសន្តិភាពនឹងផ្សាយជូននៅពេលក្រោយ ៕

ដកស្រង់ពី៖កោះសន្តិភាព