បណ្តាញសង្គម

រថយន្តកុងតឺន័រកៀរម៉ូតូ បណ្ដាលឱ្យដួល ហើយកិនស្លាប់ នៅនឹងកន្លែង

ភ្នំពេញៈ បុរសម្នាក់ បានបាត់បង់ជីវិត បន្ទាប់ពីត្រូវរថយន្តកុងតឺន័រ កៀរម៉ូតូ បណ្ដាលឱ្យដួល ហើយកិនស្លាប់ ហើយរថយន្តបានបន្តបើកចូល ទៅក្នុងផែស្ងួត កាលពីវេលាម៉ោង ១១និង២០នាទី យប់ថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងលិចផ្សារជម្ពូវ័ន ប្រហែល ៥០ ម៉ែត្រ តាមបណ្ដោយ ផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់ មានឈ្មោះ សម្បត្តិ ពៅ ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរ ធ្វើការនៅប្រទេសកូរ៉េ ស្នាក់នៅបន្ទប់ជួលនៅកំបូល មានស្រុកកំណើត នៅភូមិតាពេជ្រ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះ ជិះម៉ូតូម៉ាកហុងដា ឃ្លិច ពណ៌ខ្មៅ មិនទាន់ធ្វើស្លាកលេខ។ ចំណែកឯរថយន្តកុងតឺន័រ បានបើកចូលទៅក្នុងផែស្ងួត មួយកន្លែង។ តាមប្រភពពីមិត្តភក្ដិ ដែលជិះម៉ូតូខាងក្រោយម៉ូតូជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ដំបូងឡើយ គាត់ និងជនរងគ្រោះ បានជិះចេញពីបុរីសែនមនោរម្យ ក្នុងគោលបំណង ទៅអង្គុយលេង នៅជាប់របងព្រលានយន្តហោះ ហើយបានជិះតាមបណ្ដោយផ្លូវជាតិ លេខ៤ ក្នុងទិសដៅពីខាងលិច មកខាងកើតខណៈមកដល់ចំណុចកើតហេតុ ខាងលើ ក៏ស្រាប់តែមានរថយន្តកុងតឺន័រ មួយគ្រឿង បានបើកមកកៀរជនរងគ្រោះ បណ្ដាលឱ្យដួល ខ្ទាតមនុស្សចូលកង់ឡានខាងក្រោយ បណ្ដាលឲ្យកិនបែកក្បាល ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

ចំណែករូបគាត់ ក៏បានដេញតាមរថយន្តកុងតឺន័រ បានថតផ្លាកលេខបាន ឃើញព្រាលៗ រថយន្តនោះ ក៏បត់ចូលទៅក្នុងផែស្ងួតបាត់ទៅ ។ ក្រោយមក ក៏មានសាច់ញាតិមកដល់កន្លែងកើតហេតុ ត្រូវជាបងស្រីបង្កើតរបស់ ជនរងគ្រោះ បានរ៉ាយរ៉ាប់ទាំងទឹកភ្នែក ប្រាប់ថា ជនរងគ្រោះ បានទៅធ្វើការ នៅប្រទេសកូរ៉េចំនួន ៥ឆ្នាំ មានប្រពន្ធ និងកូនអាយុ ៣ ឆ្នាំម្នាក់ ដល់អាណត្តិ ត្រូវត្រឡប់មកប្រទេសកម្ពុជាវិញ ក៏បានចូលទៅប្រឡងភាសាកូរ៉េ ជាប់ម្ដងទៀត ជិតដល់ថ្ងៃទៅកូរ៉េវិញ ហើយក៏ស្រាប់តែបានមកជួបគ្រោះថ្នាក់ចរាចរណ៍បែប នេះទៅវិញ ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកវាស់វែង និងចូលទៅយករថយន្ត ក្នុងផែស្ងួត ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ។ ចំណែកសព សមត្ថកិច្ច បានធ្វើកំណត់ហេតុរួច ប្រគល់ឱ្យសាច់ញាតិដឹកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕

ដកស្រង់ពី៖រស្មីកម្ពុជា