បណ្តាញសង្គម

ឆែកឆេរ អាផាតមិន ២កន្លែង នៅភ្នំពេញថ្មី ឃាត់​ចិន ១០នាក់ សង្ស័យ​បើកល្បែងស៊ីសង​តាមអនឡាញ ចែករំលែក

ទីតាំងអាផាតមិន ២កន្លែង ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ចុះត្រួតពិនិត្យរដ្ឋបាល ឆែកឆេរ ដោយឃាត់ខ្លួនជនជាតិចិន ចំនួន ១០នាក់ មានស្រីម្នាក់ ព្រមទាំងដកហូត ទូរស័ព្ទដៃ ចំនួន ៣៦០គ្រឿង ,ម៉ូនីទ័រចំនួន១០០គ្រឿង ដែលជាប់សង្ស័យថា បើកល្បែងស៊ីសងតាមអនឡាញ។

ការចុះបង្ក្រាបល្បែងស៊ីសងនេះ ធ្វើឡើង កាលពីវេលាម៉ោងប្រមាណ ៤ និង៣០នាទីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុច អាផាតមិន ធីខេ អាគារលេខ១០២B ផ្លូវ១០៨២ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងអាផាតមិនតាមផ្លូវលេខ១០១១ កែងផ្លូវលេខ១៩៨០ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ប្រតិបត្តិការនេះ ដឹកនាំលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ទទួលផែនការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញនិងដឹកនាំសម្របសម្រួលដោយលោក សេង ហៀង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមសហការពីគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ។

ប្រភពព័ត៌មាន អោយដឹងថា ដោយមានការស្រាវជ្រាវទីតាំងបើកល្បែងស៊ីសងខុសច្បាប់ សមត្ថកិច្ចក៏មានការសង្ស័យ អាផាតមិន ធីខេ ជាកន្លែង ស្នាក់នៅ បើកល្បែងស៊ីសងតាមអនឡាញ ហើយសមត្ថកិច្ចក៏បានឆ្មក់ចូលឆែកឆេរ ឃាត់ជនជាតិចិន ចំនួន ១០នាក់ ក្នុងនោះ មានស្រីម្នាក់ ព្រមទាំងដកហូតវត្ថុតាង ទូរស័ព្ទដៃ ចំនួន ៣៦០គ្រឿង ,ម៉ូនីទ័រចំនួន ១០០គ្រឿង។ ដោយឡែកទីតាំងអាផាតមិន មួយកន្លែងទៀត ស្ថិតនៅតាមផ្លូវលេខ១០១១ កែងផ្លូវលេខ១៩៨០ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក៏ត្រូវបានសមត្ថកិច្ច ចុះឆែកឆេររកឃើញជនជាតិវៀតណាម ចំនួន ០៧នាក់ មានលិខិតឆ្លងដែនត្រឹមត្រូវ ហើយសមត្ថកិច្ច ក៏បានធ្វើការអប់រំ។ ជនជាតិចិន ទាំង ១០នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមច្បាប់៕

ដកស្រង់ពី៖ កោះសន្តិភាព