បណ្តាញសង្គម

ក្មេងស្រី មានសតិមិនគ្រប់ ដុតផ្ទះខ្លួនឯង ឆេះម៉ត់ នៅព្រៃនប់ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ករណីអគ្គិភ័យ ភ្លើងឆេះផ្ទះមួយ បានកើតឡើង នៅភូមិទួលទទឹង៣ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ផ្ទះឆេះនោះ ជាផ្ទះឈើ មានទំហំ ទទឹង ៤ម៉ែត្រ បណ្តោយ ៦ម៉ែត្រ ដំបូលប្រកស៊ីហ្រ្វូ ជញ្ជាំងស័ង្កសី ខាងក្រោមចាក់សាបរៀបឥដ្ឋការ៉ូ។

មូលហេតុ ដែលផ្ទះនោះឆេះ ដោយសារតែកូនស្រី មានសតិមិនគ្រប់ បានដុត កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១២:២៥ នាទី។ផ្ទះ ដែលឆេះនោះ ជាកម្មសិទ្ធិរបស់ឈ្មោះ កូប រូវីអះ ភេទស្រី អាយុ ៥៧ឆ្នាំ មានទីលំនៅផ្ទះកើតហេតុខាងលើ។ រីឯកូនស្រី មានសតិមិនគ្រប់ ឈ្មោះ កូប សារ៉ស់ ភេទស្រី អាយុ ២៧ឆ្នាំ។

រថយន្តសង្រោះអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចេញទៅអន្តរាគមន៍ ដោយបាញ់ទឹកអស់ ០១ រថយន្ត ទើបភ្លើងរលត់ទាំងស្រុង។ ហេតុការណ៍នេះ មិនបណ្តាលអោយមានអ្នករងរបួសទេ។ ប៉ុន្តែខូចខាតផ្ទះទាំងស្រុង និងសម្ភារៈនៅក្នុងផ្ទះទាំងអស់៕

ដកស្រង់ពី៖កោះសន្តិភាព