បណ្តាញសង្គម

បុរសម្នាក់ជិះម៉ូតូបុកឆ្កែ ដួលខ្ទាតចូលក្រោម​រថយន្ត​

ខេត្តព្រះសីហនុ ៖ តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា មានករណីបុរសជាអ្នកបើកបរម៉ូតូម្នាក់បានជិះម៉ូតូបុកឆ្កែ រួចដួលចូលខ្ទាតចូលក្រោមរថយន្តកិន បណ្តាលអោយបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៩ មករា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៣-១៧៤ ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ជនរងគ្រោះឈ្មោះ មុត មាន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាអ្នកបើកបរម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ គ្មានផ្លាកលេខ ។

ចំណែករថយន្តមួយគ្រឿងខាងលើមិនស្គាល់ម៉ាក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ។តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះខាងលើបានបើកបរម៉ូតូមួយគ្រឿង ធ្វើដំណើរក្នុងទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកឆ្កែ១ក្បាល ហើយអ្នកបើកបរម៉ូតូក៏ដួលខ្ទាតចូលក្រោមរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង ដែលកំពុងធ្វើដំណើរក្នុងទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ ក៏ត្រូវរថយន្តនោះកិនបណ្តាលឱ្យអ្នកបើកបរម៉ូតូបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ។

ក្រោយពេលកើតហេតុ សពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ ដោយឡែកអ្នកបើកបររថយន្តដែលបានបើកតគេចចេញពីកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមរក ដើម្បីនាំយកមកដោះស្រាយតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព