បណ្តាញសង្គម

ជន្លង់​ម្រេច​ ប្រមាណ​៤​ម៉ឺន​ដើម ​របស់​មន្ត្រី​ជាន់ខ្ពស់ ​ក្រសួង​រ៉ែ និង​ថាមពល ​លាក់​ទុក​យ៉ាង​ស្ងៀមស្ងាត់ ​នៅ​ឃុំ​ស៊ើង

រតនគិរី៖ នាយខណ្ឌរដ្ឋបាល ព្រៃឈើ ស្រុកបរកែវ នៅមិនទាន់មាន ចំណាត់ការ ទៅលើមេការ ដែលលួចកាប់ ជន្លង់ម្រេច ពីព្រៃសហគមន៍ ដែនបម្រុងទុក និងតំបន់អភិរក្ស ពីស្រុកលំផាត់ មកស្តុកទុកជិត ៤ម៉ឺនជន្លង់ យ៉ាងអនាធិបតេយ្យ នៅដីមន្ត្រីជាន់ខ្ពស់ ក្រសួងឧស្សាហកម្មរ៉ែ និងថាមពលមួយ រូបស្ថិតនៅភូមិក្លិៈ ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី កាលពីថ្មីៗនេះទេ។

មន្ត្រីរដ្ឋបាល ព្រៃឈើ បានឃើញសកម្មភាព នៃការកាប់បំផ្លាញ ព្រៃឈើភាគច្រើន ជាមេការឈ្មោះ កូយ បានកាប់បំផ្លាញ ព្រៃសហគមន៍ ព្រៃបម្រុងរបស់រដ្ឋ ព្រៃតំបន់ព្រះរាជក្រឹត្យ ឬដែនជម្រក សត្វព្រៃលំផាត់ ហើយជាប្រភេទ ជន្លង់ម្រេច ដែលគេយកមកនោះគឺជាដើមឈើផ្ចឹក មកស្តុកទុក នៅដីមន្ត្រីរូបនោះជិត ៤ម៉ឺនជន្លង់ ហើយរហូតមកដល់ពេលនេះ នាយខណ្ឌរដ្ឋបាល ព្រៃឈើខេត្ត និងនាយផ្នែកបរកែវ នៅមិនទាន់មាន វិធានការបង្ក្រាប ឬចំណាត់ការយ៉ាងណានោះទេ។

មន្ត្រីរដ្ឋបាល ព្រៃឈើរូបនោះ បន្តទៀតថា ដីដែលមេការ យកជន្លង់ម្រេច ទៅស្តុកទុកជិត ៤ម៉ឺនដើម នោះគឺជាដី របស់មន្ត្រីថ្នាក់ខ្ពស់ ជាងនាយខណ្ឌ និងនាយផ្នែក រដ្ឋបាលព្រៃឈើ ខេត្តរតនគិរី គឺថ្នាក់នាយកដ្ឋាន រដ្ឋបាលព្រៃឈើ ជាអ្នកមើលការ ខុសត្រូវ ជន្លង់ម្រេចជិត ៤ម៉ឺនដើមនេះ។

លោកវង្ស សុក្រសិរី នាយខណ្ឌរដ្ឋបាល ព្រៃឈើ មានប្រសាសន៍ តាមទូរស័ព្ទថា លោកបញ្ជាកម្លាំង របស់លោកទៅមើលដែរ ប៉ុន្តែរហូតមកដល់ពេលនេះ មិនដឹងជាកម្លាំង របស់លោករកកន្លែង ស្តុកជន្លង់ម្រេច ស្ថិតនៅឃុំក្លិៈ ឃុំស៊ើង ស្រុកបរកែវ ឃើញឬមិនឃើញនោះទេ។លោក ឡេង យុគ នាយផ្នែកបរកែវ មានប្រសាសន៍ ផ្ទាល់មាត់ទទេថា ជន្លង់ម្រេចជិត ៤ម៉ឺនដើមនោះ មានច្បាប់ត្រឹមត្រូវ ។

គួរបញ្ជាក់ថា ៖ ការស្តុកជន្លង់ម្រេចជិត ៤ម៉ឺនដើម នៅភូមិឃុំស្រុកខាងលើនេះ មិនដឹងជានាយខណ្ឌ នាយផ្នែករដ្ឋបាល ព្រៃឈើ បានធ្វើរបាយការណ៍ អភិបាលខេត្ត ជ្រាបជាព័ត៌មាន ហើយឬនៅ ព្រោះបើមានច្បាប់ ត្រឹមត្រូវនោះ គួរតែនាយផ្នែក ចម្លងជូនអាជ្ញាធរ ស្រុក និងអាជ្ញាធរខេត្ត ជ្រាបផង៕

ដកស្រង់ពីៈកម្ពុជាថ្មី