បណ្តាញសង្គម

បុគ្គលិកធនាគារ Maybank ត្រូវចោរប្លន់ រថយន្តស៊េរីទំនើប ម៉ាកកាមរី ពណ៌ស្ករ ស៊េរីឆ្នាំ២០០៧ ដល់មុខផ្ទះ

ភ្នំពេញ៖ ស្ត្រីម្នាក់ជាបុគ្គលិក បម្រើការងារ នៅធនាគារ Maybank ត្រូវជនសង្ស័យ ២នាក់ ដកកាំភ្លើងភ្ជង់ និង ប្លន់យករថយន្ត បើកគេចខ្លួន ដោយសុវត្ថិភាព កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅមុខ ផ្ទះលេខ 5B ផ្លូវ ៦៨ ក្រុម២០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។

ករណីប្លន់រថយន្តម៉ាក កាមរី ពណ៌ស្ករ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 2Q-5941 ដែលកម្រកើតមាន ឡើង នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជា តាមបណ្តាខេត្តនោះ បានកើតឡើង ដោយជនសង្ស័យមានគ្នា ២នាក់ ជិះ ម៉ូតូមួយគ្រឿង ម៉ាក PTX និងប្រដាប់ដោយ អាវុធខ្លីមួយដើម មិនស្គាល់ម៉ាក ។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ខណៈស្ត្រីរងគ្រោះ អ៊ុង ពុទ្ធិកា អាយុ ២៣ឆ្នាំ បើករថយន្តមកដល់មុខផ្ទះ ដើម្បីរង់ចាំឲ្យ សាច់ញាតិនៅខាង ក្នុងផ្ទះបើកទ្វារឲ្យនោះ ស្រាប់តែលេចមុខ ជនសង្ស័យទាំងពីរនាក់ ដកកាំភ្លើង ភ្ជង់ រួចហើយបើករថយន្ត គេចខ្លួន ដោយសុវត្ថិភាព ។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះ និងសាច់ញាតិ បានមកដាក់ពាក្យបណ្តឹង នៅកន្លែងសមត្ថកិច្ច ។ យ៉ាងណាក៏ ដោយចំពោះករណី ដែលកម្រកើតមានឡើង ខាងលើនេះ នគរបាលជំនាញ បាននឹងកំពុងធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ថាតើពិតជា មានរឿងនេះកើតឡើង ឬមួយយ៉ាងណានោះ ៕