បណ្តាញសង្គម

គ្រាប់ MK82 របស់អាមេរិក ត្រូវបានរកឃើញមួយគ្រាប់ទៀត នៅខេត្តត្បូងឃ្មុំ, មន្រ្តីស៊ីម៉ាក់ថា នៅមានគុណភាព១០០ភាគរយ

(ត្បូងឃ្មុំ)៖ គ្រាប់ប្រភេទ MK82 ដែលប្រើសម្រាប់ ទម្លាក់ពីលើយន្តហោះ របស់អាមេរិក ក្នុងសម័យសង្គ្រាម ត្រូវបានគេប្រទះឃើញ មួយគ្រាប់ទៀតហើយ នៅក្នុងដីចំការ ដំឡូងរបស់ ប្រជាពលរដ្ឋឈ្មោះ ទ្រី ស៊ីណុន នៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

នេះបើយោងតាមមន្រ្តី ស៊ីម៉ាក់ នៅខេត្តត្បូងឃ្មុំ បានថ្លែងប្រាប់ អង្គភាព Fresh News នៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ ។ មន្រ្តីស៊ីម៉ាក់ប្រចាំការ នៅខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្រោយពីទទួលដំណឹង របស់នគរបាល ស្រុកតំបែរថា មានគ្រាប់នៅក្នុងភូមិ សាស្រ្តដីចំការដំឡូង របស់ប្រជាពលរដ្ឋនោះ ក៏ក្រុមការងារ ក៏បាននាំគ្នាប្រញាប់ ចុះទៅពិនិត្យមើល ជាក់ស្តែង តាំងពីព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ហើយពេលចុះទៅដល់ឃើញថា គ្រាប់នោះ គឺនៅមានគុណភាព ១០០ភាគរយ ថែមទាំងមិនទាន់ផ្ទុះទៀតផង ។

មន្រ្តីស៊ីម៉ាក់បាន បន្តទៀតថា គ្រាប់ប្រភេទ MK82នេះ ជាប្រភេទទម្លាក់ពីលើយន្តហោះ ក្នុងអំឡុងសង្រ្គាម ឆ្នាំ១៩៧០-១៩៧៥ ដែលមិនបានផ្ទុះ ហើយកប់នៅក្នុងដីចំការ របស់ប្រជាពលរដ្ឋ បើនិយាយពីកម្លាំង របស់គ្រាប់នេះ គឺមានឥទ្ធិពលខ្លាំង ក្លាតែម្តង។ មន្រ្តីស៊ីម៉ាក់បានបញ្ជាក់ថា «ប្រសិនបើផ្ទុះវិញ ក្នុងបរិវេណ៥០០ម៉ែត្រ បួនជ្រុងមនុស្សនឹងត្រូវ ទទួលរងផលប៉ះពាល់ បណ្តាលឲ្យរបួស និងស្លាប់តែម្តង »។ ក្រោយត្រួតពិនិត្យ ចប់គ្រាប់នេះ ត្រូវបានក្រុមការងារស៊ីម៉ាក់ យកលើកដាក់លើរថយន្ត ដោយមានការប្រុងប្រយ័ត្ន ហើយដឹកមករក្សា ទុកជាបណ្តោះអាសន្ន នៅស្នាក់ការស៊ីម៉ាក់ ខេត្តត្បូងឃ្មុំ ជាបណ្តោះអាសន្នសិន ទៅតាមបច្ចេកទេស ដើម្បីជៀសវាងការផ្ទុះ។ បន្ទាប់មកនឹង ដឹកបន្តយកទៅមជ្ឈមណ្ឌល ហ្វឹកហ្វឺនស៊ីម៉ាក់ នៅខេត្តកំពង់ឆ្នាំង ដើម្បីកម្ទេចចោល ៕