បណ្តាញសង្គម

ករណី​ធ្វើ​ផ្លូវ​នៅ ខេត្ត​ត្បូងឃ្មុំ និង ខេត្តសៀមរាប ក្រសួង​ជំនាញ ស្នើ​បណ្តាញ​សង្គម​កុំ​ផ្សាយ​ដោយ​ខ្វះ​មូលដ្ឋាន បញ្ចៀស​ការភាន់ច្រឡំ​ពី​សាធារណជន​

ភ្នំពេញ: ក្រសួងសាធារណការ បានការប្រកាសថា ថ្មីៗនេះមានការបង្ហោះ រូបភាពជាសាធារណៈ អំពីករណីផ្លូវមួយ ខ្សែនៅខេត្តត្បូងឃ្មុំ និងផ្លូវមួយខ្សែទៀត នៅខេត្តសៀមរាប ដែលបានធ្វើ ឲ្យមានការយល់ច្រឡំមួយចំនួន ដល់សាធារណជន ។

បើតាមសេចក្តីប្រកាស ព័ត៌មានរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការចោទប្រកាន់ លើការងារផ្លូវថ្នល់ ដោយខ្វះមូលដ្ឋាន ច្បាស់លាស់ បានឲ្យដឹងថា ករណីផ្លូវមួយខ្សែ ស្ថិតនៅភូមិជ្រៃបិតមាស សង្កាត់ក្រុងសួង ខេត្តត្បូងឃ្មុំ ដែលមហាជនមួយចំនួនបានចោទប្រកាន់ថាធ្វើខុសបច្ចេកទេសនោះ យើងខ្ញុំសូមបញ្ជាក់ជូនថា ផ្លូវមួយខ្សែនេះមិនស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងសាធារណការ និងដឹកជញ្ជូននោះទេ ។

ចំណែកករណីផ្លូវ ចូលទៅវត្តចក ឬផ្លូវ២៦៧ ស្ថិតនៅសង្កាត់ ស្វាយដង្គុំ ក្រុងខេត្តសៀមរាប ក៏មានការចែករំលែក ក្នុងបណ្តាញសង្គម និងចុះផ្សាយលើទំព័រសារព័ត៌មានមួយចំនួន ដោយយករូបភាពទីកន្លែងដទៃមកដាក់ជារូបភាពការដ្ឋាននៅខេត្តសៀមរាប ព្រមទាំងដាក់ ការចោទប្រកាន់ មកមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ។ ក្រោយមានការសិក្សា តាមលក្ខណៈបច្ចេកទេស និងការបកស្រាយពី មន្ត្រីជំនាញក្រសួង សាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនថា ករណីខាងលើនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានចាក់កៅស៊ូត្រឹមត្រូវ តាមលក្ខណៈបច្ចេក ទេសលើស្រទាប់គ្រឹះ (ថ្មមិច) ដែលមានពណ៌ក្រហមស្រដៀង នឹងដីក្រហម ទើបបង្កឲ្យមានការភាន់ច្រឡំ ។

ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា សាធារណជន បណ្តាញសារព័ត៌មាន និងអ្នកប្រើប្រាស់ ប្រព័ន្ធបណ្តាញ សង្គមទាំងអស់ បានជ្រាបច្បាស់ ពីករណីខាងលើ ដើម្បីលាងជម្រះ នូវការភាន់ច្រឡំ និងការចោទប្រកាន់នានា ដោយខ្វះមូលដ្ឋានជាក់លាក់ ។ ទន្ទឹមនឹងនេះ ក្រសួងសង្ឃឹមថា បណ្តាសារព័ត៌មាន និងម្ចាស់គណនីហ្វេសប៊ុក មួយចំនួនដែលបាន ចុះផ្សាយផ្ទុយពីការពិត មេត្តាកែសម្រួលខ្លឹមសារ ឲ្យបានត្រឹមត្រូវ ដើម្បីរក្សាបាន នូវក្រមសីលធម៌ និងទំនុកចិត្ត ពីសាធារណជន ។

ក្រសួងសាធារណការ សូមធ្វើការអំពាវនាវ ដល់អ្នកសារព័ត៌មាន និងអ្នកចែករំលែកព័ត៌មាន នៅក្នុងប្រព័ន្ធ បណ្តាញសង្គមទាំងអស់ សូមមេត្តាទាក់ទងមកសមត្ថកិច្ច ជំនាញជាមុនសិន មុនធ្វើការចុះផ្សាយនានា ដើម្បីបញ្ចៀស ការភាន់ច្រឡំ ពីសាធារណជន ឬធ្លាក់ចូលអន្ទាក់ របស់អ្នកឆ្លៀតឱកាស កេងចំណេញផល ប្រយោជន៍សារព័ត៌មាន ដែលអាចបង្កឲ្យ មានបញ្ហាផ្សេងៗ ៕