បណ្តាញសង្គម

ផ្កាចំប៉ីចុះថោក ជាងរាល់ឆ្នាំ កសិករខ្លះកាប់ដើមលក់ ហើយដាំដើមទាប និងម្រេចវិញ

ត្បូងឃ្មុំ៖ ប្រជាកសិករ ភូមិទួលទ្រាជើង ទួលទ្រាត្បូង ទួលសំបូរ និងភូមិអណ្តូងល្វេ ស្ថិតក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ មានមុខរបរ ជាអ្នកធ្វើចំការ ដាំផ្កាចំប៉ី ។

ឆ្នាំនេះចំប៉ី ឲ្យផលល្អជាងឆ្នាំទៅ តែឆ្នាំនេះពួក គាត់លក់ផ្កាចំប៉ី បានតម្លៃថោកជាងឆ្នាំ ទៅជាងពាក់កណ្តាល ធ្វើឲ្យកសិករយើង មិនសូវសប្បាយចិត្ត ព្រោះជីវភាពពួក គាត់មិនប្រសើរ ដូចឆ្នាំមុនៗ ។

លោក ឡាច វេង មេឃុំជប់បាន ឲ្យដឹងដែរថា ផ្ទៃដីដាំផ្កាចំប៉ី មានទំហំជិត ៤០០ហិចតា សម្រាប់ប្រជាកសិករទាំង ៤ភូមិ ខាងលើ បង្កបង្កើនផល ហើយក្រៅពី ផ្កាចំប៉ីនេះ គឺកសិករយើង មានដាំដំណាំទាប ហូបផ្លែរួមផ្សំទៀត និងទៅជួលដី ពីក្រុមហ៊ុន ចំការកៅស៊ូ អាន ម៉ាឌីដាំដំណាំ ចន្លោះកូនកៅស៊ូ មានដំណាំ ត្រសក់ ត្រឡាច ននោង សណ្តែក ល្ពៅ ។ ល ។

ដើម្បីផ្គត់ផ្គង់ គ្រួសារបន្ថែម ទៀតផងដែរ ។ លោកពូ ឆយ សេងឡុង កសិកររស់ នៅភូមិទួលទ្រាត្បូង បានបញ្ជាក់ឲ្យដឹងថា ឆ្នាំនេះផ្កាចំប៉ី ឲ្យផលល្អជាងឆ្នាំទៅ ដោយសារអាកាស ធាតុអំណោយផលល្អ មិនសូវភ្លៀង ដូច្នេះដើមចំប៉ី ចេញផ្កាបានល្អ ធ្វើឲ្យកសិករ យើងប្រមូលផល បានពេញលេញ តែតម្លៃទីផ្សារ លក់បានថោកជាងឆ្នាំ ២០១៥ រហូតដល់ជិត៣ដង ។

ឆ្នាំ២០១៥ កសិករលក់បានតម្លៃពី ៨០០០រៀល ទៅ ១០០០០រៀល ( មួយម៉ឺនរៀល ) ហើយឆ្នាំ ២០១៦នេះ កសិករយើងលក់ បានតែ ៣០០០ ទៅ ៣៥០០រៀល តែប៉ុណ្ណោះ ។ នៅឆ្នាំ ២០១១-២០១២ ផ្កាចំប៉ីឡើងថ្លៃ រហូតដល់ ១០ដុល្លារ ហើយឆ្នាំ ២០១៤ ផ្កាចំប៉ីធ្លាក់ ថ្លៃនៅត្រឹម ២០០០០រៀល (ពីរម៉ឺនរៀល) ហើយនៅឆ្នាំ ២០១៦នេះ គឺផ្កាចំប៉ីធា្លក់ថ្លៃទាបបំផុត ឥលូវកសិករយើង មួយចំនួនបានប្តូរចិត្ត មកដាំដើមទាបហូបផ្លែ និងដាំម្រេច វិញម្តង ហើយម្ចាស់ចំការ ខ្លះបានលក់ដើមចំប៉ីស្រស់ ក្នុង១គីឡូតម្លៃ៥០០ ទៅ៦០០រៀល គេទិញយកទៅលក់ នៅផ្សារប្រទេសថៃ ។

បងស្រី ហោ ចន្ធូ កសិកររស់ នៅភូមិទួលទ្រាត្បូង ដែរបានឲ្យដឹងថា ផ្កាចំប៉ីដំបូង វាជ្រុះស្លឹកនៅខែ១១ និងខែ១២ ដាច់ឆ្នាំវាចាប់ផ្តើម ចេញក្រពុំ ១ខែ ក្រោយមកទើបវា ចេញផ្កា ហើយរីកជ្រុះ ចាប់ពីខែ ២-៣-៤-៥ រហូតដល់ខែ៦ ចាប់ធា្លក់ភ្លៀង ទើបវាអស់ផ្កា ។ នៅពេលវា ជ្រុះស្លឹកក្នុងខែ១២ យើងចាប់ជំរះស្មៅ សំអាតក្រោមដើម និងជ្រុំគល់ដាក់ ជីដើម្បីបង្កើត អកម៉ូនទើប វាចេញផ្កាល្អ ផ្កាចំប៉ី ១ហិចតា ឲ្យផលពី ៧០០គីឡុ ទៅ១តោន គួបផ្សំនឹង អំណោយបផលពី អកាសធាតុផងដែរ បើធ្លាក់ភ្លៀង ញឹកមិនល្អ ( មិនសូវចេញផ្កា ) ។

បងស្រី បានបញ្ជាក់ទៀតថា ផ្កាចំប៉ីឆ្នាំ ២០១៦នេះ ធា្លក់ថ្លៃដោយសារ គ្មានថៅកែចិនឬថៅកែមកពីក្រៅ ប្រទេសមកទិញ មានតែថៅកែ ក្នុងស្រុកគេទិញស្តុក ទុកទើបតម្លៃថោកបែបនេះ ( ពី៣០០០រៀល ទៅ៣៥០០រៀល ) ។ កសិករទាំង ៤ភូមិខាងលើ សំណូមពរ ដល់ក្រសួងកសិកម្ម មេត្តាជួយរកទីផ្សារ ឲ្យប្រជាកសិករ លក់កសិផលផ្កាចំប៉ី ឲ្យបានតម្លៃសមរម្យ ដើម្បីធានាដល់ ជិវភាពរស់នៅឲ្យ បានប្រសើរឡើង ៕