បណ្តាញសង្គម

គណកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំស្តីពី «កិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់» សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

(ត្បូងឃ្មុំ) ៖ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោក ហ៊ាង សុផល ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពី «កិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់» សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ។

កិច្ចប្រជុំនេះធ្វើឡើង នៅលេខាធិការដ្ឋាន នៃគណកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ (ក្នុងបរិវេណសាលាស្រុកពញាក្រែក) ដោយមានការអញ្ជើញរួមពី ឯកឧត្តម លោកជំទាវ លោក-លោកស្រី តំណាងអង្គការ សមាគមន៍ តំណាងគណបក្សនយោបាយទូទាំងខេត្ត អភិបាល អភិបាលរងស្រុក/ក្រុង ទាំង ៧ តំណាងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោក គឹម សុខនី ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បានមានមតិស្វាគមន៍ និងបានលើកឡើង ពីកម្មវិធីឃោសនា របស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ។

ក្នុងនោះ លោកប្រធានលេខាធិការដ្ឋាន បានផ្សព្វផ្សាយបញ្ចីឈ្មោះ និងទីតាំងការិយាល័យ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌអាណត្តិទី៤ ឆ្នាំ២០២៤ ដោយបានបង្ហាញពីចំនួនការិយាល័យបោះឆ្នោត និងចំនួនអាសនៈ សមាជិកក្រុមប្រឹក្សាសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ សម្រាប់ អាណត្តិទី៤ ឆ្នាំ២០២៤ ផងដែរ ។

នាឱកាសនោះ លោក ហ៊ាង សុផល ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បានធ្វើបទបង្ហាញផ្សព្វផ្សាយសេចក្ដីណែនាំលេខ ០១៣ គ.ជ.ប.ស.ណ.ន ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ របស់ គ.ជ.ប ស្តីពីការដាក់ឱ្យដំណើរការកម្មវិធីផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត អស់សុពលភាព តាមប្រព័ន្ធអ៊ីនធឺណេត(អនឡាញ) ។

ទន្ទឹមនោះ ដំណើរការនៃការប្រើប្រាស់កម្មវិធីនេះ គឺចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ និងបញ្ចប់មុនមួយសប្ដាហ៍មុនថ្ងៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ គឺត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ដោយចូលទៅគេហទំព័រ www.voterlistnec.gov.kh ។

ទន្ទឹមនោះ ប្រតិទិននៃការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត គ.ជ.ប ចំនួនបណ្ណព័តមាន ដែលត្រូវបានផលិត គឺស្មើនឹងចំនួនអង្គបោះឆ្នោត ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានផ្តល់ភាពងាយស្រួលក្នុងស្វែងរកការិយាល័យបោះឆ្នោត មានបង្ហាញពីកាលបរិច្ឆេទនៃការបោះឆ្នោត និងឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត លំនៅដ្ឋានរបស់អ្នកបោះឆ្នោត រួមទាំង លេខរៀងក្នុងបញ្ជីបោះឆ្នោត លេខកូដក្នុងការិយាល័យបោះឆ្នោត និងទីតាំងការិយាល័យបោះឆ្នោត បម្រើឲ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ២០២៤នេះ។

លោកប្រធានគណៈកម្មាការរៀបចំការបោះឆ្នោតខេត្ត បានបន្តផ្សព្វផ្សាយអំពីប្រតិទិនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ និងការប្រកាសព័ត៌មានលេខ ០០៦ គ.ជ.ប ស្តីពីការផ្សព្វផ្សាយ ការចាប់ផ្តើមដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាផងដែរ។

បន្ថែមលើនេះ លោក ហ៊ាង សុផល បានគូសបញ្ជាក់ពីតារាងចំនួនសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងចំនួនទីតាំងការិយាល័យបោះឆ្នោត។

ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ ត្រូវធ្វើឡើងជាអសកល មិនចំពោះ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។

អ្នកដែលមានសិទ្ធិបោះឆ្នោតនេះ មិនមែនជាប្រជាពលរដ្ឋទូទៅទេ ប៉ុន្តែគឺជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ជាអង្គបោះឆ្នោត ដែលបានទទួលបានការបោះឆ្នោតជ្រើសរើស ដោយប្រជាពលរដ្ឋ ក្នុងអាណត្តិតែម្តង។

បន្ទាប់ពីធ្វើបទបង្ហាញរួច ក៏មានការលើកជាសំណួរមួយចំនួន ពីសំណាក់ គណបក្សនយោបាយ ហើយ លោក ហ៊ាង សុផល ប្រធានគណកម្មាការរៀបចំការបោះឆ្នោត បានធ្វើការបកស្រាយយ៉ាងក្បោះក្បាយ ជូនដល់ម្ចាស់សំណួរ ក៏ដូចជាអង្គប្រជុំទាំងអស់ ដោយលម្អិតអំពីច្បាប់ បទបញ្ជា នីតិវិធី និងសេចក្តីណែនាំ របស់ គ.ជ.ប ផងដែរ ។

ជាមួយគ្នានោះ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតអភិបាល ខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ដែលតែងបានរៀបចំឱ្យមានកិច្ចប្រជុំផ្សព្វផ្សាយនេះឡើង និងស្នើសូមឲ្យគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមសហការគាំទ្រ ឲ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ប្រព្រឹត្តទៅដោយរលូន សេរីត្រឹមត្រូវ និងយុត្តិធម៌ ប្រកបដោយសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា ៕