បណ្តាញសង្គម

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យស្ថានភាពផ្លូវជនបទ ដែលរងការខូចខាត និងកំពុងស្ថាបនាថ្មីបន្ថែមប្រវែងជាង១០គីឡូម៉ែត្រ នៅខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) ៖ នារសៀលពថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចា័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំ ប្រតិភូអមដំណើររួមមានៈ ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធាននាយកដ្ឋាន មន្ត្រីជំនាញនៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក ម៉ៅ ឌុង អភិបាលរង នៃគណអភិបាលខេត្តត្បូងឃ្មុំ និងលោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានអញ្ជើញពិនិត្យស្ថានភាពផ្លូវជនបទក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ដែលរងការខូចខាតជាដំណំ មួយខ្សែ មានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុចក្លោងទ្វាវត្តដំណាក់ចារ ភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ទៅដល់ភូមិឈូកសរ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាព្រំប្រទល់ភ្ជាប់ទៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែង មានប្រវែងសរុប ១៤,៨៤០ម៉ែត្រ ទទឹងខ្នងលើ ៥ម៉ែត្រ ។

គួររំលឹកផងដែថា ផ្លូវនេះសាងសង់ឡើងក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី ២ របស់ក្រសួងអភិវឌ្ឍន៍ជនបទតាំងពី ឆ្នាំ២០១៩ មកម្ល៉េះ ដែលត្រូវទទួលរងការខូចខាតខ្លាំង ដោយការដឹកលើសទំងន់កំណត់។

បច្ចុប្បន្នក្រសួងកំពុងពិនិត្យលទ្ធភាព ក្នុងការជួសជុលស្ថាបនាផ្លូវនេះឡើងវិញ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងប្រកបរបរប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ។

តមក ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងប្រតិភូអមដំណើរ បានអញ្ជើញទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវមួយខ្សែទៀត ដែលមានប្រវែងជាង ១១ គីឡូម៉ែត្រ ដែលតភ្ជាប់ពីភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ទៅភូមិទេព្យនិមិត្ត ឃុំគរ ស្រុត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលស្ថាបនា បានប្រមាណ ១០% នឹងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៤ ។

បន្ទាប់ពីអញ្ជើញត្រួតពិនិត្យខ្សែផ្លូវទាំង ២ខ្សែ រួចមក ឯកឧត្ដមរដ្ឋមន្រ្តី និងប្រតិភូរួមដំណើរ បានបន្តអញ្ជើញជួបសំណេះសំណាល និងពិនិត្យសាលបុណ្យ និងជាទីស្នាក់ការភូមិគំរូមួយកន្លែង ស្ថិតនៅភូមិល្វាតូច ឃុំគរ ស្រុកត្បូងឃ្មុំ ។

ក្នុងឱកាសជួបសំណេះសំណាលនោះផងដែរ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹក និងជូនពរសព្ទសាធុការ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងភូមិល្វាតូច ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងខេត្តត្បូងឃ្មុំទាំងមូល ។

តបតាមសំណើររបស់ប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានជូនឧបករណ៍បំពងសម្លេងចំនួន ៥ឈុត ជូនដល់សហគមន៍ ដើម្បីប្រើប្រាស់ផងដែរ ៕