បណ្តាញសង្គម

វត្តគុជគិរីវ័ន(ហៅវត្តក្បាលអូរ) ប្រារព្ធធ្វើពិធីបុណ្យកាន់អង្គឆ្លងឧបដ្ឋានសាលាមួយវគ្គ និងសមិទ្ធផលនានា ក្នុងអាវាស្ថានពុទ្ធសីមាវត្ត ស្ថិតនៅភូមិក្បាលអូរ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) ៖ ព្រះសិទ្ធាភិញាណ (សុវណ្ណចន្ទត្ថេរ) វ៉ាន ដាវី ព្រះរាជាគណៈថ្នាក់កិត្តយស នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមធុរធម្មរង្សី ព្រះអនុគណស្រុកត្បូងឃ្មុំ, ព្រះគ្រូលក្ខណភ័ទ្ទមុនី (វិរិយបញ្ញោ) ផន វិចិត្ត ព្រះលេខាអនុគណ និងជាព្រះគ្រូចៅអធិការវត្តគុជគិរីវ័ន(ក្បាលអូរ) និងព្រះសង្ឃ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងលោកអាចារ្យ គណៈកម្មការព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ បានមូលមតិជាឯកច្ឆ័ន្ទ ប្រារព្ធធ្វើពិធីបុណ្យកាន់អង្គឆ្លងឧបដ្ឋានសាលា មួយវគ្គ ដែលកសាងបាន ៥៥% និងសមិទ្ធផលនានា ដើម្បីប្រមូលបច័្ចយកសាងបន្តទៀត ក្នុងអាវាស្ថានពុទ្ធសីមាវត្តគុជគិរីវ័ន (ហៅវត្តក្បាលអូរ) ស្ថិតនៅភូមិក្បាលអូរ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំដោយមានរយៈពេល បី ថ្ងៃ គឺថ្ងៃអាទិត្យ. ចន្ទ. អង្គារ / ១០. ១១. ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ០៤. ០៥. ០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ពិធីបុណ្យនេះ ត្រូវបានប្រារព្ធធ្វើឡើងតាមបែបព្រះពុទ្ធសាសនា គឺដើម្បីកៀគរប្រមូលបច្ច័យ បន្តកសាងឧបដ្ឋានសាលា និងសមិទ្ធផលនានាបន្ថែមទៀត ក្នុងវត្ត ដើម្បីបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទ្រទ្រង់លើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលកំណត់ថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ តាមការជឿជាក់ពីពុទ្ធសាសនិកជន។

ដូច្នេះសម្រាប់ការកៀគរបច្ច័យកសាងឧបដ្ឋានសាលានោះ គឺសង្ឃឹមទៅលើការចូលរួមពីថ្នាក់ដឹកនាំ សប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយ ធ្វើទានប្រកបដោយទឹកមុខសប្បាយរីករាយ ប្រកបដោយសទ្ធាជ្រះថ្លា ទៅលើព្រះពុទ្ធសាសនា និងនាំមកនូវការរីកចម្រើនរុងរឿងទៅមុខជានិរន្តរ៍ ស្របពេលជាមួយប្រទេសជាតិយើង មានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ ។

តាមទំនៀមទំលាប់ ប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ ដែលកាន់ព្រះពុទ្ធសាសនា ប្រាកដ ក្នុងចិត្តមកហើយថា កាលដែលមានលទ្ធភាព និងធនធាន ធ្វើបុណ្យតាមទីអារាមនានានោះ នឹងទទួលបានអានិសង្ឃទាំងក្នុងបច្ចុប្បន្នជាតិ និងអនាគតជាតិជាពិសេសបានបញ្ជូនមហាកុសលទៅដល់បុព្វការីជនដែលបានធ្វើមរណៈកាលទៅកាន់លោកខាងមុខផងដែរ។

សូមជម្រាបជូនថា ៖ ការកសាងឧបដ្ឋានសាលា គឺចាប់ផ្ដើមកសាង នៅថ្ងៃពុធ ១៣ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានបណ្តោយប្រវែង ៣៦ម៉ែត្រ និងទទឹង ២៤ម៉ែត្រ ដែលត្រូវបានកសាងអស់ថវិកាសរុបចំនួន ២៤៣.០០០ដុល្លារ ហើយបច្ចុប្បន្នកសាងបាន ៥៥% ចំណាយអស់ថវិកា ១៣៣.៥៩០ដុល្លារ នៅជំពាក់ថ្លៃជាង ថ្លៃសម្ភារៈចំនួនថវិកា ១០៩.៤១០ដុល្លារ ។

ទន្ទឹមនោះ ការប្រារព្ធធ្វើពិធីបុណ្យកាន់អង្គឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា នេះ គឺមានរយៈពេល បី ថ្ងៃ គឺថ្ងៃអាទិត្យ. ចន្ទ. អង្គារ / ១០. ១១. ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ០៤. ០៥. ០៦ ខែកុម្ភៈ ឆ្នាំ២០២៤។

កម្មវិធីបុណ្យ ថ្ងៃអាទិត្យ ១០ រោច ខែបុស្ស ឆ្នាំថោះ បញ្ហាស៍ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ ជួបជុំពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយ នៅមហារោង ដើម្បីទទួលព្រះសង្ឃទៅតាមរោងកាន់អង្គរៀងៗខ្លួន, និមន្តព្រះសង្ឃគោចរបិណ្ឌបាតតាមរោងកាន់អង្គ, ប្រារព្ធទេវតាពលី (ក្រុងពាលី) និងដង្ហែរណ្ដាប់កាន់អង្គប្រទក្សិណបីជុំ ព្រះវិហារ ធ្វើបទនមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្តនៅមហារោង និងប្រទានធម៌ទេសនា ដោយព្រះវិបុលវេទីបណ្ឌិត ពេញ វិបុល ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះធម្មធរគណរាជធានីភ្នំពេញ និងជាព្រះអនុប្រធានផ្នែកពុទ្ធិកមធ្យមសិក្សា នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃក្រសួងធម្មការនិងសាសនា។

តមក នៅថ្ងៃចន្ទ ១១ រោច ខែបុស្ស ឆ្នាំថោះ បញ្ហាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ មានការនិមន្តព្រះសង្ឃឆាន់យាគូតាមរោងកាន់អង្គ, និមន្តព្រះសង្ឃគោចរបិណ្ឌបាតតាមរោងកាន់អង្គ, ធ្វើបទនមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្តនៅមហារោង និងប្រទានធម៌ទេសនា ដោយសម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណា ព្រះចៅអធិការវត្តរាជបូណ៌ រាជាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ។

លុះដល់ថ្ងៃអង្គារ ១២ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ មានការនិមន្តព្រះសង្ឃគោចរបិណ្ឌបាត និងវេរភត្តាហារ រណ្ដាប់កាន់អង្គដារឆ្លង ជាកិច្ចបង្ហើយបុណ្យ។ សូមបញ្ជាក់ជូនថា ៖ ទាំង ០២រាត្រី (រាត្រីថ្ងៃទី ០៤ ដល់រាត្រីថ្ងៃទី ៥ ខែកុម្ភៈ) មានក្រុមសិល្បៈល្ខោនបាសាក់រស្មីអប្សរា ភូមិស្បែកគឺ សម្តែងជូនទស្សនាកំសាន្តទល់ភ្លឺ ផងដែ ៕